(បាត់ដំបង)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅសាលាខេត្តបាត់ដំបង។
ពិធីដែរបានធ្វើឡើងក្រោមវត្តមានលោក ហួត ស៊ីនាដ រដ្ឋលេខាធិការតំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានចូលរួមពីតំណាងថ្នាក់ដឹកនាំខេត្តបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៤០០នាក់។
នាឱកាសនោះលោក ហួត ស៊ីនាដ បានឱ្យដឹងថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន៖ សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព។
លោករដ្ឋលេខាធិការ បញ្ជាក់ថា ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់នៅទូទាំងប្រទេស ក្រសួងក៏នឹងពង្រីកការដាក់ពង្រាយការបណ្តុះបណ្តាលតាមសហគមន៍ សម្រាប់ជំនាញសាមញ្ញៗ ដូចជា ផ្នែកសេវាកម្ម និងជំនាញពាក់ព័ន្ធនឹងកសិកម្ម និងកសិ-ឧស្សាហកម្ម។
លោក ហួត ស៊ីនាដ បានបន្ថែមថា ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការចូលរួមអភិវឌ្ឍវិស័យ TVET តាមរយៈការលើកទឹកចិត្តក្នុងការបង្កើត និងពង្រីកកិច្ចសហការរវាងវិស័យឯកជន(សាកលវិទ្យាល័យ/ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាល TVET សម្រាប់កម្មវិធីបណ្តុះបណ្តាលផ្អែកលើការងារ, ការផ្លាស់ប្តូរជំនាញ, ការបង្កើនជំនាញ និងប្រសិទ្ធភាពនៃការគ្រប់គ្រង ដែលសហគ្រាស គ្រឹះស្ថានអាចជាអ្នកផ្ដល់ការបណ្តុះបណ្តាលដោយផ្ទាល់តែម្ដង ប្រសិនបើសហគ្រាសគ្រឹះស្ថាននោះ មានបំណងចង់ធ្វើដោយខ្លួនឯង ហើយក្រសួងក៏លើកកម្ពស់ ពន្លឿន និងជំរុញការអនុវត្តថ្នាលបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យកម្មករនិយោជិតអាចសិក្សាតាមប្រព័ន្ធអនឡាញ (ពីចម្ងាយ) ឬសិក្សាដោយខ្លួនឯងបានផងដែរ៕