(សហរដ្ឋអាមេរិក)៖ កងទ័ពអាកាសអាមេរិក ឬ US Air Force បានឱ្យដឹងថា យន្ដហោះឈ្លបយកការណ៍មួយ គ្រឿងធុន U-២ បានធ្លាក់ នៅម៉ោងប្រមាណជា ៩៖០៥នាទីព្រឹក កាលពីថ្ងៃអង្គារ៍ (ម៉ោងនៅក្នុងតំបន់) នៅអំឡុងពេល កំពុងហ្វឹកហាត់ ខណៈអ្នកបើកយន្ដហោះពីរនាក់ លោតចេញនៅមុនពេលយន្ដហោះធ្លាក់ ក៏ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេបានស្លាប់បាត់ជីវិត។ នេះបើតាមការចុះផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ CNN នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរ US Air Force ពុំទាន់បានបញ្ជាក់អ្វីលម្អិតនោះទេ ពីមូលហេតុនៃការធ្លាក់ របស់យន្ដហោះ ឈ្លបយកការធុន U-២ នៅចំងាយជាង ៧០គីឡូម៉ែត្រពីទីក្រុង សាក្រាមិនតូ នៃរដ្ឋកាលីហ្វ័រញ៉ាហើយអ្នកដែល រងរបួសកំពុងសម្រាកព្យាលនៅមន្ទីពេទ្យ។

សូមជំរាបថា យន្ដហោះឈ្លបយកការធុន U-២ ដែលផលិតឡើងក្នុងសម័យសង្រ្គាមត្រជាក់ និង មានរហ័ស្ស នាមថា «Dragon Lady» អាចហោះហើរនៅក្នុងរយៈកម្ពស់ដល់ទៅ ២១,០០០ ម៉ែត្រ ដើម្បីឆ្លបយកការលើ ទឹកដីរបស់សត្រូវ ហើយគេអាចនិយាយបានថាវាគឺជាប្រភេទយន្ដហោះមួយ ដែលពិបាកក្នុងការបញ្ជារជាង គេនៅលើពិភពលោក៕