(ភ្នំពេញ)៖ នៅចំពោះមុខលោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួល នូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ការសង្កត់ធ្ងន់របស់សម្តេចតេជោ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា នៅពេលដែលសមាជិកព្រឹទ្ធសភាជប៉ុនរូបនេះ រំលឹកដល់រឿងអតីតកាលរបស់កម្ពុជា។
លោក YAMAGUCHI បានរំលឹកប្រាប់សម្តេចតេជោថា លោកធ្លាប់មកបានបំពេញទស្សនកិច្ចនៅកម្ពុជាលើកទីមួយ ក្នុងឆ្នាំ១៩៩១ ដែលពេលនោះកម្ពុជានៅមានក្រុមប្រដាប់អាវុធរហូត ៤ក្រុម ហើយនៅមានសង្គ្រាមនៅឡើយ។ នៅឆ្នាំ១៩៩២ ជប៉ុនបានសម្រេចចិត្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកម្ពុជា លោកបានមកកម្ពុជាចំនួន២ដងទៀត ដែលនាពេលនោះ លោកបានមើលឃើញថា កម្ពុជាកំពុងតែរងគ្រោះដោយសង្គ្រាម ជាពិសេសដោយបញ្ហាគ្រាប់មីន ហើយលោកគិតថា ជប៉ុនគួរតែជួយកម្ពុជាក្នុងការដោះមីន ដោយប្រើបច្ចេកទេស និងគ្រឿងចក្រជប៉ុនសម្រាប់បោសសម្អាតគ្រាប់មីន។
លោក YAMAGUCHI បានរំលឹកថា លោកបានមកកម្ពុជាម្ដងទៀត នៅក្នុងឆ្នាំ២០០៣ ក៏បានជួបជាមួយនឹងលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ដែលបានដឹកនាំក្រុមដោះមីនកម្ពុជា ហើយជប៉ុនបានសហការក្នុងបោសសម្អាតមីន ដែលប្រើប្រាស់បច្ចេកវិទ្យាជប៉ុន នៅឆ្នាំ២០០៦។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកក៏បានពិភាក្សាគ្នាជាមួយលោក ហេង រតនា លើកិច្ចសហប្រតិបត្តិការក្នុងការបន្តសកម្មភាពមីននៅកម្ពុជា។
សម្រាប់ដំណើរទស្សនកិច្ចលើកនេះ គឺមានរយៈពេលជាង ៣២ឆ្នាំ គិតពីពេលដែលលោក មកប្រទេសកម្ពុជាដំបូង លោកពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញកម្ពុជាមានការរីកចម្រើន ជាពិសេសទីក្រុងភ្នំពេញ មានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ។
លោក YAMAGUCHI ក៏បានគោរពនូវភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការស្វែងរកសុខសន្តិភាព កសាងប្រទេស និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក YAMAGUCHI ចំពោះការរំលឹកពីដំណើរទស្សនកិច្ចមកកម្ពុជា ក្នុងអំឡុងជាង ៣២ឆ្នាំមកនេះ គឺចាប់តាំងពីប្រទេសកម្ពុជា កំពុងមានសង្រ្គាមនៅឡើយ និងសូម្បីតែក្រោយឆ្នាំ១៩៩៣ គឺនៅពេលដែល UNTAC ចាកចេញពីកម្ពុជាទៅហើយ ក៏សង្រ្គាមមិនទាន់បានបញ្ចប់ទាំងស្រុងដែរ។
សម្តេចតេជោបានមានប្រសាសន៍បន្តថា លោក YAMAGUCHI គឺជាសាក្សីរស់ ដែលបានមើលឃើញពីការពិតនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយសារកត្តាសន្តិភាព ហើយសន្តិភាពកំពុងគ្របដណ្តប់ពេញប្រទេសកម្ពុជា រកមកបានយ៉ាងលំបាកណាស់។
សម្តេចសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួល នូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
សម្តេចបន្តទៀតថា ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។
សម្ដេចបានមានប្រសាសន៍ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះមានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ។
សម្តេចតេជោបានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ ដូចនេះ ការរក្សាឱ្យបាននូវតុល្យភាពនៃកត្តាទាំង៣នេះ ទើបប្រទេសមានការអភិវឌ្ឍ និងសន្តិភាពពិតប្រាកដ។
សម្តេចបានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងការបោសសម្អាតមីន ។ តាមរយៈគណបក្ស Komeito សម្តេចសូមស្នើជប៉ុនបន្តគាំទ្រជួយកម្ពុជាសម្រេចបាននូវគោលដៅ «កម្ពុជា គ្មានមីន២០២៥» ក៏ ដូចជាជួយដល់អ៊ុយក្រែន និងប្រទេសដទៃទៀត ដែលបញ្ជូនកម្មសិក្សាមកទទទួលការបណ្តុះបណ្តាលនៅកម្ពុជា។ ជប៉ុន បានជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ដែលបច្ចុប្បន្នកំពង់ផែស្វយ័តកម្ពុជា កំពុងឈានទៅដល់ការពង្រីកសមត្ថភាព សម្រាប់ការចូលចតនាវាខ្នាតធំ។
ទោះបីជាមានការផ្តល់ជំនួយច្រើនពិតមែន ប៉ុន្តែសម្តេចតេជោ សង្កេតឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី កំពុងរៀបចំបរិយាកាសវិនិយោគ ឱ្យកាន់តែប្រសើរឡើង។
សម្ដេចចង់ឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះ សម្ដេចពិតជារីករាយចំពោះការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនទៅជា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានមោទនភាព ដែលបានធ្វើការជាមួយជប៉ុនអស់រយៈពេល៣៤ឆ្នាំកន្លងមកនេះ ។
សម្ដេចក៏បានសម្តែងនូវក្តីមោទនភាព ដែលបានបើកទ្វារឱ្យជប៉ុន បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញមកកម្ពុជាមុនគេ។
លោក YAMAGUCHI បានថ្លែងអំណរគុណសម្តេចតេជោ និងបានកត់ត្រាយ៉ាងច្បាស់លាស់ ពីទស្សនៈប្រកបដោយគតិបណ្ឌិតរបស់សម្តេច អំពីគុណតម្លៃនៃសន្តិភាព ដាច់ខាតត្រូវមានសន្តិភាព ទើបអាចធ្វើការដោះមីន អភិវឌ្ឍប្រទេស និងមាននីតិរដ្ឋបាន។
ចំពោះការជំរុញវិនិយោគជប៉ុនមកកម្ពុជា លោកនឹងពាំនាំខ្លឹមសារនេះ ទៅដល់រដ្ឋាភិបាលជប៉ុន និងជាពិសេស ទៅរដ្ឋមន្រ្តីសាធារណការជប៉ុន ដែលជាសមាជិកគណបក្ស Komeito ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ឱ្យបានច្រើន និងសម្បូរបែបថែមទៀត ដែលជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគ។
លោក YAMAGUCHI ក៏សូមគោរពជូនពរ ក្នុងឱកាសខួបកំណើត សម្តេចតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ សូមសម្តេច មានសុខភាពល្អរឹងមាំ និងជោគជ័យសម្រាប់ភារកិច្ចថ្មីនេះ។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានអរគុណចំពោះពាក្យពេចន៍ជូនពរ ខួបកំណើតរបស់សម្តេច និងជូនឯកឧត្តមប្រធានពរគណៈប្រតិភូ និងសហការីទាំងអស់ សូមទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងឱកាសនេះ និងសង្ឃឹមថា លោកប្រធានគណៈប្រតិភូ និងបន្តអញ្ជើញមកកាន់ប្រទេសកម្ពុជាសាជាថ្មីម្ដងទៀត ដើម្បីឃើញពីការអភិវឌ្ឍរបស់កម្ពុជានាពេលខាងមុខ៕