(កំពង់ធំ)៖ ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំ វត្តនិគ្រោធវ័ន គល់ទទឹង ព្រះអង្គម្ចាស់មានសង្ឃដីកាថា បុគ្គលមានភាពស្អាតនៅក្នុងខ្លួន ទេវតានឹងតាមថែរក្សា ដូច្នេះសូមចូលរក្សាអនាម័យបរិស្ថាន និងរួមគ្នាដាំកូនឈើឱ្យបានច្រើនដើម្បីភាពស្រស់បំព្រង បង្កើតភាពបៃតង។
ការមានសង្ឃដីកាបែបនេះ របស់ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព បានធ្វើឡើងនៅក្នុងឱកាសដែលព្រះអង្គនិមន្តចូលរួមដាំកូនឈើចម្រុះប្រមាណ ៤,០០០ដើម ក្នុងបរិវេណវត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ជា វ៉ាន់ចាន់ អភិបាលរង ខេត្តកំពង់ធំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងដៃគូ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ ប្អូនៗយុវជន និងសិស្សានុសិស្សជាច្រើនរយនាក់។
ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព មានសង្ឃដីកាបន្ថែមថា «យើងទាំងអស់គ្នាកុំបន្ទោសគេថាហេតុអីស្រុកខ្ញុំ ភូមិខ្ញុំ អត់ស្អាត យើងទាំងអស់គ្នា ត្រូវចាប់ផ្តើមស្អាតពីផ្ទះខ្លួនឯង វត្តយើងស្អាតហើយនៅ មន្ទីរយើងស្អាតហើយនៅ?»។
ជាមួយគ្នានេះដែរ ព្រះអង្គមានសង្ឃដីកាថា គោលនយោបាយថ្នាក់ជាតិមានរួចហើយលើវិស័យបរិស្ថាន ប៉ុន្តែ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នា ប្រសិនបើគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ គឺប្រទេសជាតិយើងមិនមានភាពស្អាតនោះទេ។
«អត់ស្អាតទេវតាអត់ជួយនោះទេ អាត្មាលើកទឹកចិត្តដល់អ្នកទាំងអស់ចូលរួមរក្សាភាពស្អាត ថ្ងៃពិសេសខួបកំណើត និងរៀបចំអាពាហ៍ពិពាហ៍ នាំដាំដើមឈើ ១ដើមមើល ឱ្យក្លាយជាចលនាដាំដើមឈើ ដើម្បីបង្ហាញពីសាក្សីនៃសេចក្តីស្រឡាញ់»។ នេះជាសង្ឃដីកាបន្ថែមរបស់ ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព។
បន្ថែមពីលើសង្ឃដីការបស់គុណម្ចាស់ គូ សុភាព, លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួង បរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «សរសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ។ កាលបើផ្ទះយើង ឬប្រទេសយើងមិនមានភាពស្អាត ពោរពេញដោយសំរាមពាសវាលពាសកាល ច្បាស់ណាស់ថា ប្រជាពលរដ្ឋយើងមិនមានសុខុមាលភាព ហើយក៏មិនមានភ្ញៀវណាម្នាក់ចង់មកលេងផ្ទះយើង ឬប្រទេសយើងនោះដែរ»។
ក្នុងន័យនេះ ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក។ ជាលទ្ធផល រហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ ៨.៥លានអង្គ/នាក់។
បន្ទាប់ពីបានទទួលបានជោគជ័យពីយុទ្ធនាការនេះ ដែលជាយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលតម្រូវឱ្យមានការចូលរួម ចំណាយពេលត្រឹមតែ ១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដើម្បីសម្អាត ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដោយរយៈពេលត្រឹមតែជិត២ខែតែប៉ុណ្ណោះ បានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមចំនួនជិត៤០០ ឃុំសង្កាត់ ៨០ ក្រុង ស្រុក ខណ្ឌ ក្នុងខេត្តនិងរាជធានីភ្នំពេញចំនួន១៦៕