(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ ប្រកាសសមាសភាព គណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើ ដោះស្រាយទំនាស់ ការកាត់ដីតំបន់៣ និងតំបន់២ មកតំបន់១ និងលទ្ធផលដោះស្រាយទំនាស់ដីធ្លី ព្រមទាំងលើកឡើងពីបញ្ហាមួយចំនួន ទាក់ទងនឹងបទល្មើសព្រៃឈើ ផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការចូលរួមពី អភិបាលរងខេត្ត ប្រធានអង្គភាព មន្ទីរជុំវិញខេត្ត និងអភិបាលក្រុង-ស្រុក ប្រមាណជាង៥០នាក់។
នៅក្នុងកិច្ចប្រជុំនោះ លោក អ៊ុត សំអន អភិបាលខេត្ត បានដាក់ភារកិច្ច និងសិទ្ធចំពោះបទល្មើសព្រៃឈើ មួយចំនួនរួមមាន ទី១-ត្រូវចាត់តាំងការអប់រំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានដែលពាក់ព័ន្ធទៅនឹងព្រៃឈើគ្រប់ប្រភេទទី២-ណែនាំប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យយល់ពី សារៈសំខាន់របស់ព្រៃឈើ និងចូលរួមថែរក្សាការពារព្រៃឈើឲ្យបានគង់វង្ស និងទី៣-ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ តាមរយៈការរាយការណ៍ ជូនអនុគណៈកម្មការ។
ចំពោះគណៈកម្មការដោះស្រាយទំនាស់ អភិបាលរងទទួលបន្ទុកស្រុកនីមួយៗ ត្រូវទទួលខុសត្រូវ ក្នុងរង្វង់ស្រុករបស់ខ្លួន ត្រូវប្រមូលផ្តុំអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សារកដំណោះស្រាយ និងប្រើប្រាស់យន្ដការដែលមានស្រាប់ ត្រូវមានវិធានការបង្ការទប់ស្កាត់នូវរាល់ សកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ ដែលអាចកើតមាន ត្រូវមានផែនការផ្សព្វផ្សាយនូវរាល់លិខិតបទដ្ឋានគតិយុត្តិផ្សេងៗ និងធ្វើរបាយការណ៍វឌ្ឍនភាព នៃការដោះស្រាយទំនាស់។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា គណៈកម្មការទាំងអស់ ត្រូវរាយការណ៍ជាប្រចាំថ្ងៃ មកគណៈកម្មការ ថ្នាក់ខេត្តមានប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជាប្រចាំថ្នាក់ខេត្ត និងប៉ុស្តិ៍ត្រួតពិនិត្យ ស្រាវជ្រាវចងក្រងស្ថិតិ មេក្លោងដែលរកស៊ីក្នុងមូលដ្ឋាន និងមកធ្វើកិច្ចសន្យាបញ្ឈប់ ប្រើរូបភាពចល័តនៅច្រកសំខាន់ៗ មានវិធានការបង្ក្រាបនូវសកម្មភាពជាក់ស្តែង លើកគោលការណ៍ណែនាំ ដល់ប៉ុស្តិ៍ត្រួតពិនិត្យ និងប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីអនុវត្តការងារ៕