(ព្រះវិហារ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យ ប្រធានស្រុកប្រតិបត្តិ មន្ត្រីសុខាភិបាល និងវិស័យសុខាភិបាល ឯកជនទាំងអស់ទូទាំងខេត្តព្រះវិហារ សូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងបង្កើន កិច្ចសហការ និងកិច្ចសហប្រតិបត្តិការល្អ និងរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាលទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។
ការថ្លែងបែបនេះ របស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញជាតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលស្ដីពីការជំរុញ និងបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រី មកពីក្រសួងសុខាភិបាល ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ អាជ្ញាធរក្រុង ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការជាច្រើនរូប។
លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមនោសញ្ចេតនាគោរពស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកស្រី ឱ វណ្ណឌីន ដែលបានឆ្លៀតឱកាសដ៏មមាញឹកផ្ដល់កិត្តិយស អញ្ជើញចុះមកចូលរួមផ្ដល់នូវកិច្ចប្រជុំ ណែនាំស្តីពីការជំរុញ និងបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តព្រះវិហារ ព្រមទាំងបានចុះជូប សំណេះសំណាលសួរសុខទុក្ខមន្ត្រីសុខាភិបាល ដែលកំពង់ផ្តល់សេវានៅតាមមណ្ឌលសុខភាព បុស្តិ៍សុខភាព នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ នាឱកាសដ៏ថ្លៃថ្លានេះ។
លោកស្រីអភិបាលរងខេត្ត បានបន្ដថា វត្តមានរបស់លោកស្រី ឱ វណ្ណឌីន បានសបញ្ជាក់ឲ្យឃើញអំពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះខឿនសុខភាព ជាពិសេសការថែទាំសុខភាពបឋមសម្រាប់សហគមន៍របស់ក្រុមគ្រូពេទ្យ ក៏ដូចជានៅក្នុងខេត្តព្រះវិហារ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តការដឹកនាំនាវាកម្ពុជា ឲ្យមានសុខសន្តិភាព កិត្យានុភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់ វិស័យជាបន្តទៀត។
លោកស្រី ប៉ាង រ៉ាវី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំ និងបុគ្គលិក ក៏ដូចជា ក្រុមគ្រូពេទ្យទាំងអស់ក្នុងខេត្តព្រះវិហារ ដែលបានរួបរួមសាមគ្គី និងសហការគ្នាបានយ៉ាងល្អប្រសើរ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈត្រឹមត្រូវ ក្នុងការលើកស្ទួយវិស័យសុខាភិបាល លើកកម្ពស់ខឿនសុខភាព និងសង្គ្រោះអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរឡើយ។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងជំរុញដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យ ប្រធានស្រុកប្រតិបត្តិ មន្ត្រីសុខាភិបាល និងវិស័យសុខាភិបាល ឯកជនទាំងអស់ សូមបន្តរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងបង្កើនកិច្ចសហការ និងកិច្ចសហប្រតិបត្តិការល្អ និងរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ជាពិសេសសុខភាពនៅតាមសហគមន៍ ហើយត្រូវទទួលខុសត្រូវ ក្នុងការផ្តល់សេវាសុខាភិបាល ការស្រាវជ្រាវជំងឺឆ្លង និងជំងឺមិនឆ្លង ពង្រឹងប្រព័ន្ធអង្កេតតាមដាន ដើម្បីឆ្លើយតបគ្រោះអាសន្ន ផ្នែកសុខភាពសាធារណៈឲ្យស្របតាមលក្ខខណ្ឌច្បាប់សុខភាព។
លោកស្រី បានណែនាំឲ្យរួមគ្នារៀបចំ និងអនុវត្តឲ្យមានសុវត្ថិភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធាមនុស្ស ក្នុងវិស័យសុខាភិបាល ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបទ នៃការផ្តល់សេវា។ តាមដានត្រួតពិនិត្យ និងវាយតម្លៃគុណភាពសេវាសុខាភិបាលឲ្យបានទៀងទាត់ ដោយគិតទាំងគុណភាពសវាក្នុងវិស័យឯកជនផងដែរ និងត្រូវចាត់វិធានការ ក្នុងការកែរលម្អនូវគ្រប់ចំណុចខ្វះខាត ដើម្បីធ្វើឲ្យគុណភាព នៃការព្យាបាលជំងឺកាន់តែមានប្រសិទ្ធភាព និងកាន់តែទទួលបាននូវការជឿទុកចិត្តពីប្រជាពលរដ្ឋ៕