(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្នន់ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ទៅតុលាការពាក់ព័ន្ធករណី គាស់ផ្ទះយកម៉ូតូ៣គ្រឿង ដើម្បីប្រគល់ជូនតំណាងអយ្យការចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា កម្លាំងនគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ សុធា អាយុ៣៧ឆ្នាំ លំនៅស្នាក់នៅផ្ទះលេខ១៩៧០ អាផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូជាមួយ បក្ខពួក៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យខាងលើនេះរួមនឹងបក្សពួកបានធ្វើសកម្មភាព គាស់ផ្ទះលួចយកម៉ូតូ៣គ្រឿង នៅចំណុចកើតហេតុផ្ទះជួលផ្លូវបេតុង ភូមិអរគីដេ សង្កាត់អូរបែក ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

សម្ភារបាត់បង់ម៉ូតូចំនួន៣គ្រឿងរួមមាន៖

*១៖ ម៉ូតូម៉ាកហុងដាប៊ីតស៊េរីឆ្នាំ 2021 ពណ៌ក្រហម ពាក់ផ្លាកលេខកំពត ៤៣៧០
*២៖ ម៉ូតូម៉ាកហុងដាប៊ីតស៊េរីឆ្នាំ 2022 ពាក់ផ្លាកលេខ 1KD-1178
*៣៖ ម៉ូតូហុងដាម៉ាកប៊ិះពណ៌ខ្មៅស៊េរីឆ្នាំ 2023 ពាក់ផ្លាកលេខកំពង់ចាម​ 1AB-3091។

មន្ត្រីបានបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២៩២៤ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ និងបានដកហូតបានម៉ូតូជិះធ្វើសកម្មភាពម៉ាកសេ125 ពណ៌ខ្មៅផ្លាកលេខភ្នំពេញ BY-5068
ចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងមធ្យោបាយធ្វើសកម្មភាពខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយធ្វើកំណត់ហេតុស្តាប់ចម្លើយជនសង្ស័យ បានសាររូបភាពថា ខ្លួន និងបក្ខ៣នាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចម៉ូតូចំនួន៣គ្រឿងខាងលើពិតប្រាកដមែន។ ក្រោយលួចបានម៉ូតូទាំង៣គ្រឿង បក្ខពួកខ្លួនយកទៅលក់ ចំណែកខ្លួន បានប្រាក់៧០ម៉ឺនរៀល។

រហូតដល់ថ្ងៃទី១៣ នៅពេលដែលខ្លួនកំពុងស្នាក់នៅផ្ទះក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្ដង។ បច្ចុប្បន្នជនសង្សយ័កំពង់ឃាត់ខ្លួននៅការិយាល័យ នគរបាលព្រហ្មកំរិតធ្ងន់ដើម្បីចាត់ការបន្តតាមនីវិធី៕