(ភ្នំពេញ)៖ សិល្បករ-សិល្បការិនី ដែលបានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្ដីពី «ផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀនមានខុសច្បាប់» នាទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសផ្សព្វផ្សាយសារអប់រំបញ្ហាគ្រឿងញៀន នៅគ្រប់វេទិកាសិល្បៈនានា។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ខ្ញុំអ្នកយើងទាំងអស់គ្នារួមគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»។
នាយព្រែក តារាងសម្តែងមួយរូប និងជាតំណាងសិល្បករ-សិល្បការិនីទាំងអស់ បានថ្លែងថា ជាការពិតណាស់ គ្រឿងញៀន គឺជាបិសាធ ដ៏កាចសហាវមួយ ដែលអាចបំផ្លិចបំផ្លាញពលរដ្ឋ ក្រុមគ្រួសារ សង្គម ជាតិ និងប្រទេសជាតិទាំងមូល។ គ្រឿងញៀន អាចកែប្រែ មនុស្សពីស្លូតបូត ទៅជាកាចសាហាវ លែងដឹងខុសត្រូវ ប្រព្រឹត្តអំពើហិង្សា និងបទល្មើសនានាផងដែរ។ ប្រសិនបើ យុវជន យុវនារី យើង បណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងគ្រឿងញៀន អនាគតក្រុមគ្រួសារ និងប្រទេសជាតិយើង ពិតជាត្រូវបំផ្លិចបំផ្លាញជាក់ជាមិនខានឡើយ។
នាយព្រែក បានថ្លែងបន្តថា «ខ្ញុំបាទតំណាងឱ្យសិល្បករ-សិល្បការិនីយើងទាំងអស់ សូមធ្វើការប្រកាសជាឱឡារិកថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាលជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន តាមរយៈការលើកកម្ពស់ ការផ្សព្វផ្សាយ អប់រំ និងសូមប្តេជ្ញាចិត្ត ចូលរួមជាមួយ រាជរដ្ឋាភិបាល ជាពិសេស អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការផ្សព្វផ្សាយ ពីសារអប់រំបញ្ហាគ្រឿងញៀន នៅគ្រប់វេទិកាសិល្បៈនានា»។
លោកបន្តថា សិល្បករ-សិល្បការិនីយើងទាំងអស់ មិនពាក់ព័ន្ធ ប្រើប្រាស់ គ្រឿងញៀនដាច់ខាតដើម្បីជាគម្រូ ដ៏ល្អមួយសម្រាប់ យុវជន យុវនារី និងសង្គមជាតិទាំងមូល។ ពួកគាត់ សហការជាមួយ ក្រសួងពាក់ព័ន្ធ ជួយផលិតមាតិការអប់រំ ចម្រៀងរឿងខ្លីនានា ដើម្បីដាស់តឿនក្រើនរំលឹក យុវជន យុវនារី ឱ្យជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសចំណេះដឹងដែលទទួលបាននៅក្នុងពេលនេះ នឹងពាំនាំយកទៅផ្សព្វផ្សាយ ឱ្យបានជ្រាបចូលឱ្យបានជ្រៅក្នុង ស្រទាប់យុវវ័យ។
តំណាងសិល្បករ-សិល្បការិនី បានបន្តថា នឹងជំរុញចលនា យុវជន យុវនារី និងសាធារណៈជនទាំងអស់ ឱ្យចូលរួម Download និងប្រើ ប្រាស់កម្មវិធីទូរសព្ទ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហការ ជួយផ្តល់មាតិការអប់រំបែបកំសាន្តសិល្បៈនានា ចូលក្នុង App NoDrug។ ជាមួយគ្នានេះ លោកបានប្រកាសគាំទ្រពេញទំហឹងចំពោះ បទបញ្ជា សម្អាតចកចេញពីបឹង របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីសហគមន៍យើងស្អាតស្អំគ្មានគ្រឿងញៀន។
ក្នុងឱកាសនោះ លោកស្រី ឡងឌី សាន់ណារ៉ា បានស្នើដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលដែលអញ្ជើញមកពីបណ្ដាមន្ទីរវប្បធម៌ទាំង២៥ រាជធានី-ខេត្ត សិល្បករ អ្នកនិពន្ធ ផលិតករ អ្នកផលិតមាតិកា និងអ្នកពាក់ព័ន្ធទាំងអស់មេត្តាយកចិត្តទុកដាក់ និងទទួលយកចំណេះដឹងនេះយកទៅពង្រីកផ្សព្វផ្សាយបន្តបញ្ជ្រាបទៅដល់មូលដ្ឋាន អនុវត្តការងាររបស់យើងដើម្បីសុខសុវត្ថិភាពសង្គមយើងទាំងមូល។
ក្នុងពេលកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងសូមឱ្យក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ និងចូលរួមចំណែកកាន់តែសកម្មជុលផុសក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។ ដូច្នេះ ដើម្បីឆ្លើយតបនឹងការណែនាំខាងលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ ដោយអញ្ជើញ សិល្បករ-សិល្បការិនី ដែលជាអ្នករាំ អ្នកសម្តែង អ្នកចម្រៀង តារាភាពយន្ត តារាកំប្លែង ទាំងក្នុងនិងក្រៅប្រព័ន្ធ សិស្ស និស្សិត មន្ត្រីរាជការ និងតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ទាំង២៥រាជធានី-ខេត្ត ដែលមានចំនួនប្រមាណក្រោម ២០០រូប៕