(ឧត្តរមានជ័យ)៖ កម្លាំងជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយអប់រំស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ ចែកចាយ រក្សាទុក និងជួញដូរគ្រឿងញៀន ក៏ដូចជាបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្សនៃវិទ្យាល័យបន្ទាយអំពិល ក្នុងភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅថ្ងៃម្សិលមិញ លោកបានដឹកនាំកម្លាំងជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយមូលដ្ឋានស្រុកបន្ទាយអំពិល ចុះផ្សព្វផ្សាយអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ ការរក្សាទុក ការចែកចាយ ការជួញដូរនូវសារធាតុញៀនខុសច្បាប់ ក្រោមប្រធានបទ"យើងរួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ លើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង នៅវិទ្យាល័យបន្ទាយអំពិល។
លោក យ៉ាង វ៉ាន បានបញ្ជាក់ថា ការផ្សព្វផ្សាយនាពេលនេះគឺផ្តោតសំខាន់លើផលប៉ះពាល់គ្រឿងញៀន អត្តសញ្ញាណគ្រឿងញៀន បារីអេឡិចត្រូនិច (វេប) ក្មេងទំនើង ការប្រមូលផ្តុំរបស់សិស្សានុសិស្សនៅតាមហាងកាហ្វេ ភោជនីយដ្ឋាន ក្នុងម៉ោងសិក្សា។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីផលវិបាករួមដែលអាចប៉ះពាល់ដល់ខ្លួនយើងផ្ទាល់ ក៏ដូចជាសង្គមគ្រួសារ និងសង្គមជាតិ ពិសេសផលវិបាកខ្លួនយើងផ្ទាល់នៅថ្ងៃក្រោយដែលមានបញ្ជីខ្មៅ ដែលជាមុខសញ្ញានាំឱ្យពិបាកបញ្ជាក់ ពីភាពស្អាតស្អំ ចេញពីភូមិ ឃុំ ពេលដែលយើងត្រូវរកការងារធ្វើនៅទីកន្លែងណាមួយ។
បន្ថែមលើសពីនេះលោកក៏បានបង្ហាញពីសកម្មភាពខ្លះៗ ពេលដែលយើងប្រព្រឹត្តគឺមានទោសទណ្ឌជាប់ពាក់ព័ន្ធនិងបទល្មើសសហចារី ចារី ផ្សំគំនិត ផ្តើមគំនិត ជាដើម។នៅក្នុងពិធីនេះដែរក៏មានការចែកសៀវភៅ១០០ក្បាល ប៊ិច ខ្មៅដៃ ៣០០ដើម ដល់សិស្សានុសិស្សចំនួន២០នាក់ ដែលមានជីវភាពខ្វះខាតផងដែរ៕