(សៀមរាប)៖ ក្រុមគ្រូពេទ្យស្ម័ត្រចិត្ត នៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor និងសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ និងធ្វើការពិនិត្យ ព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋ នៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកវត្តមានលោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងលោក លោកស្រី ជាអាជ្ញាធរ ក្រុមប្រឹក្សាស្រុក ឃុំ និងក្រុមគ្រូពេទ្យស្ម័ត្រចិត្តចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ 

លោកស្រី ទុយ ជិ បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់មន្ទីរពេទ្យ Mackay និងធនាគារ UCB ក៏ដូចអង្គការក្លឹប Rotary Angkor ដែលតែងបានចូលរួមក្នុងការដោះស្រាយនូវទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសាខាកាកបាទក្រហម ទាំងការផ្តល់នូវស្បៀងអាហារ, សម្ភារៈសិក្សា, ការយកចិត្តទុកដាក់ពីសុខភាព របស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទផងដែរ។

លោកស្រី ទុយ ជិ ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជម្ងឺផ្សេងៗយាយីមកលើកូនចៅ និងក្រុមគ្រួសារខ្លួន ជាពិសេសនៅក្នុងរដូវវស្សានេះ ត្រូវធ្វើអនាម័យ បរិស្ថាននៅក្នុងភូមិឋាន និងបំបាត់នូវទីជម្រកសត្វមូសខ្លា ដោយមានការរស់នៅឲ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជម្ងឺរាគរុស និងគ្រុនចាញ់ គ្រុនឈាមជាដើម។

លោកស្រីបានបន្តថា ត្រូវប្រយ័ត្នជានិច្ចចំពោះកុមារតូចៗ កុំឲ្យទៅលេងទឹកថ្លុក ប្រឡាយ បឹងបួរ ខ្លាចក្រែងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ។ លោកស្រីបន្តថា បើសង្ស័យថាមានសមាជិកគ្រួសារកើតជម្ងឺណាមួយ សូមរួសរាន់យកទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅកៀកជិតនឹងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលក្រុមគ្រូពេទ្យតៃវ៉ាន់ ក្នុងទឹកចិត្តមនុស្សធម៌ ចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជា នៅខេត្តសៀមរាប តាមតំបន់ជនបទ ព្រមទាំងផ្តល់ស្បៀងដល់គ្រួសារក្រីក្រផងដែរ។ 

អំណោយដែលផ្តល់ជូនដល់គ្រួសារក្រីក្រទាំង៦០គ្រួសារ ទទួលបាន អង្ករ, ទឹកស៊ីអ៉ីវ, ទឹកត្រី, ភួយ និងថវិកាមួយចំនួនទៀត ព្រមទាំងបានធ្វើការពិនិត្យ ព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋ បានប្រមាណជា ២០០នាក់ផងដែរ៕