(កណ្ដាល)៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយមន្រ្តីជំនាញ ចុះបង្ក្រាបកន្លែងផលិតឧបករណ៍នេសាទខុសច្បាប់តាមមូលដ្ឋាន ជាពិសេសអ្នកដែលបង្ហោះលក់លើបណ្តាញសង្គម ដែលនាំឲ្យមានការបំផ្លាញធនធានធម្មជាតិ និងត្រីយ៉ាងខ្លាំង ព្រមទាំងមានគ្រោះថ្នាក់ដល់មនុស្សទៀតផង។
សូមបញ្ជាក់ថា បុរសម្នាក់ត្រូវបានចាប់ខ្លួនក្រោយលួចផលិតឧបករណ៍ឆក់ត្រីផ្សាយលើបណ្ដាញសង្គម។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដោយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្តកណ្តាល ដែលបានចុះទៅដល់ទីតាំងស្ថិតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានបញ្ជាក់ថា ប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកផលិត និងចែកចាយនូវឧបករណ៍នេសាទខុសច្បាប់នេះ គឺបានធ្វើឡើងបន្ទាប់ពីមានបទ បញ្ជារបស់លោក គួច ចំរើន ក្រោយពីជនសង្ស័យបានបង្ហោះលើបណ្តាញសង្គម តិកតុកដាក់លក់នូវឧបករណ៍ខុសច្បាប់ទាំងនេះជាសាធារណៈ ខណៈករណីនេះជនសង្ស័យបានសារភាពថាគេពិតជាបានលួចផលិតមែន និងបានចែកចាយលក់នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។
លោក ហេង សុភារិទ្ធ បានឲ្យដឹងថា ក្រោយធ្វើការឃាត់ខ្លួន និងរឹបអូសនូវវត្ថុតាងជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ ខណៈករណីនេះជាបទល្មើសនេសាទ ដោយមិនអាចអនុគ្រោះបានឡើយ ដោយសារតែជនសង្ស័យរូបនេះបានលួចផលិតនូវឧបករណ៍ខុសច្បាប់នេះយូរមកហើយនោះ។
ជាមួយគ្នានេះ លោក ហេង សុភារិទ្ធ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គប្បីត្រូវធ្វើការសហការជាមួយអាជ្ញាធរ ឬរដ្ឋបាលជលផលដើម្បីធ្វើយ៉ាងណាលុបបំបាត់បទល្មើសនេសាទ ខុសច្បាប់នៅតាមភូមិ និងសហគមន៍របស់បងប្អូនផងដែរ ហើយប្រសិនបើប្រពលរដ្ឋណាដែលបាននេសាទ ឬលួចផលិតឧបករណ៍នេសាទខុសច្បាប់នឹងចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងនោះឡើយ៕