(កំពង់ចាម)៖ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម និងតំណាងមន្ទីរអង្គភាពជុំវិញខេត្តដឹកនាំដោយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ទេយ្យទានរបស់រដ្ឋបាលខេត្តកំពង់ចាម វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង៤ ក្នុងក្រុងកំពង់ចាម មាន វត្តខេមវ័នបឹងស្នាយ , វត្តជោតនារាមបឹងកុក , វត្តបុទុមរតនះដីដុះ និងវត្តសុទស្សនារាមជ្រោយថ្ម ដោយក្នុង១វត្តៗ មាន៖ ទៀនវស្សា ក្បាច់ចំនួន ០១ គូ អង្ករចំនួន ១០០ គីឡូក្រាម ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូចចំនួន ១០កេស ត្រីខចំនួន ០១កេស ទឹកត្រីចំនួន ៥កេស ទឹកស៊ីអីវចំនួន ៥កេស មី ចំនួន ១កេសធំ ទឹកដោះគោខាប់ចំនួន ១កេសធំ ស្ករសចំនួន ៥គីឡូក្រាម តែចំនួន ៥គីឡូក្រាម បច្ច័យមួយចំនួន។ ដោយឡែកព្រះសង្ឃ ចំនួន ៧អង្គ ក្នុង១អង្គប្រគេន ទេយ្យវត្ថុ ១ និងបច្ច័យ ១០០.០០០រៀល ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក់ផងដែរ។
គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕