
អភិបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុនភូមិមរតក
16-07-2024 14:57
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុន ភូមិមរតក ដែលមានទីតាំងស្ថិតនៅ ភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង និងមរតកថ្មស ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ របស់ឈ្មោះ សោម សុធា ជាអគ្គនាយកក្រុមហ៊ុន និងជាម្ចាស់គម្រោង។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីមន្ត្រីពាក់ព័ន្ធនិង តំណាងក្រុមហ៊ុនភូមិមរតក ជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់លោកអភិបាលខេត្ត ក៏ដូចជាគណៈកម្មការដោះវិវាទក្រៅប្រព័ន្ធតុលាការ កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលើកឡើងពីអង្គហេតុ អង្គច្បាប់ ព្រមទាំងឯកសារពាក់ព័ន្ធ ដែលជាគន្លឹះ ក្នុងការដោះស្រាយបញ្ហាដីធ្លី ដែលបានកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនភូមិមរតក ស្ថិតនៅភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង និងមរតកថ្មស ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីឈានទៅដល់ការដោះស្រាយទៅតាមដំណាក់កាល និងជំហានបន្តបន្ទាប់ទៀត៕