(ចិន)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាននិងកំពុងដឹកនំាប្រតិភូកម្ពុជា ទៅបំពេញបេសកកម្មផ្លូវការ នៅសាធារណៈរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ដល់ ២២ ខែកញ្ញា ឆ្នំា ២០១៦។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងប្រតិភូ បានអញ្ជើញចូលជួបពិភាក្សាជាមួយលោក Wan Gang រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋប្រជាមានិតចិនហើយ ដោយផ្តោតសំខាន់ការងារមួយចំនួន ដូចខាងក្រោម៖
-កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសទំាងពីរ
-ជម្រុញការអភិវឌ្ឍន៍លើវិស័យអាទិភាពមួយចំនួនដូចជា វិស័យឧស្សាហកម្ម ឧស្សាហកម្មបៃតង វិស័យកសិកម្ម កសិកម្មទំនើប វិស័យថាមពលថ្មី និងថាមពលកកើតឡើងវិញ បច្ចេកវិទ្យាម្ហូបអាហារ វិស័យមាត្រាសាស្ត្រ ការងារកម្មសិទ្ធឧស្សហកម្ម បច្ចេកវិទ្យាក្នុងលំហ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត ក្នុងជំនួបពិភាក្សានោះ លោកបណ្ឌិត Wan Gang បានស្វាគមន៍ និងទទួលយកនូវសំណើររបស់ លោក ចម ប្រសិទ្ធ នូវកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានេះ កិច្ចពិភាក្សាគ្នានេះក៏បានជួយជម្រុញ និងគំាទ្រវិស័យអាទិភាពខាងលើរបស់កម្ពុជាឱ្យមានសន្ទុះ និងផលិតភាពប្រកបដោយការអភិវឌ្ឍន៍ និងប្រសិទ្ធភាពខ្ពស់ដើម្បីឆ្លើយតបទៅនឹងសេដ្ឋកិច្ចទីផ្សារ និងដំណើរការពាណិជ្ជកម្ម ក្នុងតំបន់អាស៊ានក៏ដូចក្នុងពិភពលោក។
ពិសេសជាងនេះទៅទៀត ជាបឋមភាគីចិន នឹងជួយពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍តាមរយៈការបណ្តុះបណ្តាលដល់និសិត្ស មន្ត្រីរាជការ និងវិស័យឯកជន។
គួរបញ្ជាក់ផងដែរថា វិទ្យាសាស្ត្រ បច្ចេកវិទ្យាគឺជាវិស័យស្នូលសម្រាប់ជួយអភិវឌ្ឍដល់កម្ពុជា ឱ្យទទួលបានភាពបៃតងរួមទំាងសេដ្ឋកិច្ច បរិស្ថាន និងសង្គម៕