(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់កសាងវត្ត ចំនួន២ គឺវត្តត្រពាំងរូង និងវត្តជ្រោយប្រស់ ស្ថិតនៅស្រុកកោះកុង។ សកម្មភាពនេះ អមដំណើរដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងក្រុមការងារចុះមូលដ្ឋានបក្ស ខេត្តកោះកុង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នៅតំបន់ភូមិសាស្ត្រឃុំជ្រោយប្រស់នេះ ជាទីតាំងដែលសម្តេច និងបងប្អូនមួយចំនួនទៀត ដែលបានរួមគ្នាបង្កើតកម្លាំងកងទ័ព ដើម្បីធ្វើការតស៊ូប្រយុទ្ធប្រឆាំងជាមួយពួក ប៉ុល ពត ដើម្បីការពារជាតិ ការពារប្រទេស និងការពារប្រជាជន។ ក្នុងតំបន់ភូមិសាស្ត្រឃុំជ្រោយប្រស់នេះហើយ ធ្វើឲ្យសម្តេចចងចាំមិនភ្លេចទេ ដែលសម្តេចបានលាក់ខ្លួនបង្កើនកងទ័ពប្រយុទ្ធប្រឆាំងជាមួយពួក ប៉ុលពត ហើយនេះជាតំបន់ភូមិសាស្ត្រ ដែលធ្វើសម្តេចមានជីវិតដល់សព្វថ្ងៃ។
សម្តេច ពិជ័យសេនា បានអរគុណសន្តិភាពនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋកម្ពុជា ដែលសម្តេចខិតខំស្វែងរកសន្តិភាព និងធ្វើការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ។
«ដូច្នេះ សូមជនរួមជាតិរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្ស និងរួមគ្នាអភិវឌ្ឍបានបន្ថែម ពីព្រោះប្រទេសជាតិយើងថ្ងៃនេះពិបាកខ្លាំងណាស់ ហើយប្រទេសយើងពុំដែលស្គាល់សន្តិភាពទេ ស្គាល់តែការបំភ្លេចបំផ្លាញជាពិសេសរបបវាលពិឃាតប្រល័យពូជសាសន៍ នេះតែម្តង ដូច្នេះត្រូវជឿជាក់លើគណបក្សប្រជាជនតែ១គត់ ដែលធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើនលើគ្រប់វិស័យ»។ សម្តេចស្នើបែបនេះ។
សម្តេចបានបញ្ជាក់ថា ភូមិសាស្ត្រឃុំជ្រោយប្រស់នេះ កាលពីមុនព្រៃសុទ្ធសាធ គ្មានផ្លូវ គ្មានការអភិវឌ្ឍ តែបច្ចុប្បន្នភាពមានការអភិវឌ្ឍរីកចម្រើនច្រើន ទាំងបណ្តាផ្លូវកៅស៊ូ វត្តអារាម លំនៅដ្ឋាន៕