(តាកែវ)៖ ដោយកើតទុកមិនសុខចិត្តលើការដឹកនាំរបស់លោក ម៉ឹង សន ជាមេភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិជិត១០០នាក់ បានផ្តិតមេដៃដាក់ញត្តិ និងលើកគ្នាទៅកាន់សាលាឃុំ ដើម្បីស្នើសុំលោកមេឃុំរវៀង មេត្តាជួយអន្តរាគមន៍ទៅអភិបាលស្រុកសំរោង និងអភិបាលខេត្តតាកែវ និងអភិសន្តិបណ្ឌិត ស សុខា ឧបរដ្ឋនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបញ្ជាប់ដំណែងលោក ម៉ឹង សន ពីមេភូមិព្រៃស្នួល ហើយការដាក់ញត្តិនេះធ្វើឡើងនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
បងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់ថា ផ្លូវហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានសព្វថ្ងៃ គឺធ្វើដំណើរលែងចង់កើតគ្រប់ខ្សែទាំងអស់ ដោយសារឡានដឹកដីបំផ្លាញក្នុងរដូវវស្សានេះ។ ចាប់តាំងពីពេលដែលលោក ម៉ឹង សន ឡើងជាមេភូមិមក ប្រជាពលរដ្ឋរស់នៅមិនមានសេចក្តីសុខទេ គឺមានបែងចែកបក្ខពួកជើងត្បូងជាច្រើន ហើយរាល់វិវាទតិចតួចក្នុងភូមិលោក ម៉ឹង សន មិនមានសមត្ថភាពបញ្ចប់ដោះស្រាយជាមួយប្រជាពលរដ្ឋឡើយ។
លើសពីនេះទៅទៀតលោក ម៉ឹង សន មិនដែលបានបង្កើតកម្មវិធីវេទិកាសាធារណៈដើម្បីពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋក្នុងភូមិឡើយ គឺលោក ម៉ឹង សន ធ្វើអ្វីតាមបញ្ជារបស់បុគ្គលម្នាក់ផ្សេងដែលមកពី ក្រៅភូមិបញ្ជាខ្លួនស្តាប់ បង្គាប់ដើម្បីប្រយោជន៍បុគ្គលក្រុមគ្រួសារគេ ក្រោមលេសអភិវឌ្ឍន៍ក្នុងមូលដ្ឋានតិចតួចបំផុត ដោយមិនខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិឡើយ។
នៅពេលមានបញ្ហាតិចតួចម្តងម្កាល លោក ម៉ឹង សន តែងមានចេតនាឈរលើគោលការណ៍កាន់ជើងអ្នកខាងក្រៅភូមិ ដោយទុកប្រជាពលរដ្ឋក្នុងភូមិជាមនុស្សមិនបានការទៅវិញ។ នៅក្នុងញត្តិរបស់ខ្លួនបងប្អូន ប្រជាពលរដ្ឋបាន បញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាស្នើសុំឲ្យលោកមេឃុំបិទការដ្ឋានជីកដីក្នុងរដូវវស្សានេះ ដោយសារផ្លូវទាំងអស់ខូចខាតទាំងស្រុងប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនអត់រួចទេ ក្នុងរដូវស្សានេះ ជាពិសេសចាស់ព្រឹទ្ធាចារ្យធ្វើដំណើរទៅវត្តអារាមអត់កើតទេ ដោយសារផ្លូវរអិលអាចម៍ដីរបស់ឡានដឹកដីជ្រុះលើខ្នងផ្លូវ»។
ប្រជាពលរដ្ឋបានបន្តទៀតថា «យើងខ្ញុំសូមជម្រាបជូន លោកមេឃុំ មេត្តាជ្រាបបន្ថែមទៀតថា ចំពោះការឡើងតំណែងជាមេភូមិរបស់លោក ម៉ឹង សន កន្លងមកនេះ តាំងពីដំបូងឡើយ គឺពួកយើងខ្ញុំទាំងអស់គ្នាមិនបានដឹង ទេ បើដឹងពួកយើងខ្ញុំមានប្រតិកម្ម មិនឲ្យគាត់ធ្វើជាមេភូមិជាដាច់ខាតតាំងពីដំបូងមកម្ល៉េះ ប៉ុន្តែក្រោយមកទើបពួកយើងខ្ញុំដឹងថា គាត់ក្លាយខ្លួនជាមេភូមិ ហើយពួកយើងខ្ញុំមិនផ្ទុះការតវ៉ាដោយសាររង់ចាំ មើលចរិកដឹកនាំរបស់គាត់ល្អ ឬមួយក៏មិនល្អ បម្រើប្រជាពលរដ្ឋពិតប្រាកដ ឬមួយក៏ឡើងមកជាមេភូមិ សម្រាប់តែបម្រើបុគ្គលផ្សេង និងបក្ខពួករបស់ខ្លួន។
ក្នុងនោះដែរយើងខ្ញុំទាំងអស់គ្នាស្នើសុំតែងតាំងលោក ម៉ុង អ៊ុក មេភូមិចាស់ធ្វើជាមេភូមិជំនួសលោក ម៉ឹង សន វិញ ឬក៏ស្នើសុំលោកមេឃុំ និងក្រុមប្រឹក្សាឃុំរវៀង ជ្រើសតាំងបងប្អូនប្រជាពលរដ្ឋក្នុងភូមិណាម្នាក់ ឬពីរនាក់ ដើម្បីឲ្យ ប្រជាពលរដ្ឋបោះឆ្នោតតែងតាំងធ្វើជាមេភូមិព្រៃស្នូល ទើបក្នុងភូមិឋានរបស់យើងខ្ញុំមានសភាពវិលទៅរកប្រក្រតីដូចដើមវិញ។ យើងខ្ញុំទាំងអស់គ្នាសូមជម្រាបថាលោក ម៉ឹង សន សូម្បីតែបងប្អូនបង្កើតរបស់គាត់ក៏អត់ត្រូវគ្នាដែរ ដូច្នេះរូបគាត់មិនមានសមត្ថភាពដឹកនាំបងប្អូនប្រជាពលរដ្ឋក្នុងភូមិបានទេ។ យើងខ្ញុំទាំងអស់គ្នាសូមបញ្ជាក់ជូនលោកមេឃុំ ក៏ដូចជាបងប្អូន ឯកឧត្តម លោកជំទាវ គ្រប់ជាន់ថ្នាក់ថា ការតស៊ូ ការធ្វើញត្តិ សុំដកលោកមេភូមិ ចេញពីដំណែង និងការប្តឹងបុគ្គលឈ្មោះ សែន ឧត្តម នេះ គឺមិនមានឋិតក្រោមការញុះញង់ ឬកៀងគរពីបុគ្គលណាម្នាក់ឡើយ គឺជាឆន្ទៈពិតប្រាកដដែលផុសចេញពីទឹកចិត្តរបស់យើងខ្ញុំទាំងអស់គ្នាតែម្តងមិនមានមេ មិនមានក្រុម មិនមានបក្ខពួក និងមិនមានអ្នកនៅពីក្រោយខ្នងដូចបុគ្គល សែន ឧត្តម ចោទប្រកាន់នោះទេ»។
ជុំវិញការលើកឡើងខាងលើនេះ បងប្អូនប្រជាពលរដ្ឋ សង្ឃឹមថា លោកមេឃុំនឹងមានវិធានការជាលាយលក្ខណ៍អក្សរស្នើទៅអភិបាលស្រុកសំរោង និងអភិបាលខេត្តតាកែវ ដែលទើបនឹងចូលកាន់តំណែងថ្មីៗ ជាពិសេស អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបញ្ចប់ដំណែងលោក ម៉ឹង សន ពីមេភូមិព្រៃស្នូលតាមការស្នើសុំរបស់យើងខ្ញុំទាំងអស់គ្នាដោយក្ដីអនុគ្រោះ។ ជុំប្រតិកម្មរបស់បងប្អូនខាងលើនេះ ភ្នាក់ងារយើងមិនទាន់អាចសុំការបំភ្លឺពីលោកមេភូមិ និងមេឃុំបាននៅឡើយទេ៕