(ព្រះវិហារ)៖ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានណែនាំ និងដាក់បទបញ្ជាបណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា- ថៃ-ឡាវ ត្រូវបន្តយកចិត្តទុកដាក់ ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារបាននូវបូរណភាពទឹកដី និងត្រូវទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗ។
ការថ្លែងណែនាំ និងដាក់បទបញ្ជាបែបនេះរបស់លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែមិថុនា និងទិសដៅអនុវត្ដបន្ដប្រចាំខែកក្កដា ឆ្នាំ២០២៤ និងប្រគល់សេចក្ដីសម្រេចផ្លាស់ប្ដូតួនាទី ជូននាយទាហាន ចំណុះទីបញ្ជាការ។
ពិធីនេះ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ លោកនាយសេនាធិការរង លោកនាយការិយាល័យ-ផ្នែក លោកមេបញ្ជាការក្រុង-ស្រុក និងវរសេនាតូចទាំងពីរ និងអង្គភាពចំណុះ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្តាកងឯកភាពចំណុះតំបន់សឹករងខេត្តទាំងអស់ ដែលបានយក ចិត្តទុកដាក់បំពេញតូនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសគោរពអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រមទទួលបានជោគជ័យ។
លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានផ្ញើដល់នាយទាហានដែលបានទទួលតួនាទីភារកិច្ចថ្មីនាពេលនេះ ត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អជាមួយគ្នានេះបណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា- ថៃ-ឡាវ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារបាននូវបូរណភាពទឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងនិងសូមចៀសឱ្យឆ្ងាយពីការប្រើប្រាស់ គ្រឿងញៀនគ្រប់ប្រភេទ៕