(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ, សិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ផន រឹម បានឱ្យដឹងទៀតថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គឺជាគម្រោងដ៏ធំ និងជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងស្ថានភាពចរាចរណ៍សម័យទំនើប, ការដឹកជញ្ជូនទំនិញ និងភស្តុភារកម្ម ទៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា និងទៅច្រកព្រំដែនកម្ពុជា-ថៃ។
តាមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ ១៣១គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ៣ តំបន់ផ្តល់សេវាកម្ម ៤) ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ៥ តំបន់ផ្តល់ សេវាកម្ម ១ ចំណតរថយន្ត ១) ខេត្តបន្ទាយមានជ័យ ៩៥គីឡូម៉ែត្រ (ផ្លូវប្ដូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត ១)សរុបមានផ្លូវប្តូរទិស១០ កន្លែង សេវាកម្ម ៧កន្លែង និងចំណតរថយន្ត ២កន្លែង)។
គួរបញ្ជាក់ថា ក្រុមហ៊ុនCRBC ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យវិនិយោគសាងសង់គម្រោងផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុនមានបទពិសោធន៍ និងទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធន៍សាងសង់ និងធ្វើអាជីវកម្មលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រមទាំងបាន និងកំពុងវិនិយោគសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិតផងដែរ។
ជាបច្ចេកទេសផ្លូវនេះដូចគ្នា និងគម្រោងផ្លូវល្បឿនលឿនទាំង រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ-ក្រុងបាវិត ដោយផ្លូវចែកជាបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម. មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ២គន្លងមក)ទទឹង ៣,៧៥ម. សួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង ៣ម. គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ម. និងចិញ្ចើមផ្លូវទទឹង ០,៧៥ម. ដោយបានសិក្សាល្បឿន ១០០ ទៅ១២០គ.ម ក្នុងមួយម៉ោង។
គម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ២.៥ប៊ីលាន និងជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ១.៧ប៊ីលាន៕