(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ បើកសវនាការសំណុំរឿងលោក អ៊ុុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទករណីក្លែងផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។ កម្មវត្ថុនៃសវនាការនេះ គឺបណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការរឿងអង្គសេចក្តីសំណុំរឿងនេះម្តងរួចមកហើយ។ សាលក្រមនេះ គ្រោងប្រកាសនៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ។
លោក អ៊ុំ សំអាន ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ៕