(កំពង់ឆ្នាំង)៖ ករណីរថយន្តធុនធំដឹកកម្ទេចលៀសខុសច្បាប់ ដែលត្រូវបាននគរបាលស្រុករលាប្អៀរ ចាប់បាននៅចំណុចថ្នល់តាសែងក្នុងភូមិវត្តថ្នល់ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗ មកដល់ពេលនេះ រថយន្តត្រូវបានរក្សាទុកនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជាបណ្ដោះអាសន្ននៅឡើយ ដោយមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពុងដំណើរការនីតិវិធី។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ថា បច្ចុប្បន្នមន្ត្រីជំនាញរបស់លោកកំពុងបន្តនីតិវិធី ស្ដីពីជលផលទាក់ទងនឹងការដឹកជញ្ជូនផលអនុផលជលផល ដោយគ្មានច្បាប់អនុញ្ញាត ដោយបច្ចុប្បន្នកំពុងរង់ចាំម្ចាស់ឲ្យចូលខ្លួនមកសារភាព ដើម្បីធ្វើការពិន័យអន្តរការទៅតាមនីតិវិធី។
ចំណែកការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ឬក៏ឡានគ្មានពន្ធ ករណីនេះពាក់ព័ន្ធនិងនីតិវិធីរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ លោកក៏មិនដឹងដែរថា តើច្បាប់គេត្រូវពិន័យឬក៏យ៉ាងណានោះទេ។ ដោយឡែកខាងមន្ត្រីជំនាញ មិនអាចសន្និដ្ឋាន ឬបង្ហាញថា ឡាននេះវាខុសលក្ខណៈបច្ចេកទេសយ៉ាងម៉េចនោះដែរ ពាក់ព័ន្ធនឹងរថយន្ត គឺមានតែសមត្ថកិច្ចនគរបាលចរាចរណ៍ដែលគេមានជំនាញក្នុងការត្រួតពិនិត្យ។
លោកបន្តថា ចំណែកខាងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជល ផលគឺមានតួនាទីតែមួយមុខប៉ុណ្ណោះ គឺការគ្រប់គ្រងការដឹកជញ្ជូនផលអនុផលជលផលដោយគ្មានលិខិតអនុញ្ញាត បើករណីនៅតែមិនរាងចាលពីមួយដងទៅពីរដង គឺច្បាប់ជលផលមានតែធ្វើការផាកពិន័យទ្វេរដងតែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងនីតិវិធីរបស់ជលផល គឺទុកពេលឱ្យគាត់រយៈពេល៧ថ្ងៃ បើគាត់នៅតែមិនចូលខ្លួនទេលោកនឹងបន្តនីតិវិធីដាក់ទៅរដ្ឋបាលជលផល ថ្នាក់លើដើម្បីចាត់ការជាបន្ត។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពាក់ព័ន្ធនឹងការដឹក ជញ្ជូនលៀសខុសច្បាប់ ឥឡូវនេះករណីទី១ គឺត្រូវកោះអញ្ជើញម្ចាស់លៀសឱ្យចូលខ្លួនមកធ្វើការបំភ្លឺថា តើការដឹកជញ្ជូនរបស់គាត់នោះយ៉ាងម៉េច។ ក៏ប៉ុន្តែមន្ត្រីជំនាញកំពុងតែធ្វើការស្រាវជ្រាវថាតើការដឹកជញ្ជូនលៀសដោយខុសច្បាប់របស់គាត់ខាងលើនេះជាលើកទី៣ពិតប្រាកដមែនឬអត់ ហើយបើលើកទី៣នេះមិនរាងចាល លោកនឹងបញ្ជូនទៅតុលាការ។
លោកបានបន្តថា ករណីទី២ ពាក់ព័ន្ធករណីក្លែងឯកសាររបស់រថយន្ត គឺលោកទុកឱ្យខាងសមត្ថកិច្ចនគរបាលជំនាញគេធ្វើការចុះ តែបច្ចុប្បន្នចំពោះរថយន្តគឺកំពុងរក្សាទុកនៅមន្ទីរកសិកម្មជាបណ្ដោះ អាសន្ន នៅពេលដែលលោកបញ្ចប់នីតិវិធីរបស់ជំនាញរដ្ឋបាលជលផលលោកនឹងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត។
ដោយឡែកលោកវីរសេនីយ៍ឯក លី ណា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា មកដល់ពេលនេះរថយន្តដែលធ្វើសកម្មភាពដឹកជញ្ជូនកម្ទេចលៀសខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចាប់ឃាត់កាលពីយប់ថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤កន្លងទៅនេះ ខាងមន្ត្រីជំនាញរដ្ឋបាលជលផលពុំទាន់បានបញ្ជូនរថយន្តនោះ មកកាន់ការិយាល័យ នគរបាលចរាចរណ៍របស់លោកនៅឡើយទេ។
ប៉ុន្តែប្រសិនបើរថយន្តនោះត្រូវបានបញ្ជូនមកការិយាល័យប៉ូលីសចរាចរណ៍របស់លោក ហើយមន្ត្រីជំនាញរបស់លោករកឃើញថា មានការក្លែងផ្លាកលេខ ឬក្លែងឯកសារពាក់ព័ន្ធផ្សេងៗពិតប្រាកដមែន នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក គឺមិនអាចធ្វើការផាក ពិន័យបាននោះទេ គឺមានតែកសាងនីតិវិធីបញ្ជូនទៅតុលាការតែប៉ុណ្ណោះ៕