(ស្ទឹងត្រែង)៖ លោក នួន ពេជ្រ និមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូស្វាយសែនជ័យ បានថ្លែងណែនាំដល់ក្រុមការងារ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធិភាព និងទាមទារឲ្យមានការពន្យល់ឲ្យបានយល់ច្បាស់លាស់ជូនពលរដ្ឋអំពីនីតិវិធី នៃការអនុវត្តគម្រោង និងដំណោះស្រាយនានាដែលត្រូវបានស្នើសុំដោយប្រជាពលរដ្ឋនៅមូលដ្ឋាន ជៀសវាងមានការទន្ទឹងរង់ចាំដោយឥតឃើញពីលទ្ធផលនៃសំណើរបស់ពួកគាត់។
ការថ្លែងរបស់លោក នួន ពេជ្រ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តភារកិច្ចបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូស្វាយសែនជ័យ ដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារ អាជ្ញាធរស្រុក ឃុំ ភូមិ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាដៃគូរអភិវឌ្ឍ សរុបចំនួន៧០នាក់ ក្នុងថ្ងៃថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
លោក នួន ពេជ្រ និមិត្ត បានលើកឡើងថា នៅពេលដែលយើងប្រមូលផ្តុំនិងទទួលបាននូវបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ យើងត្រូវបែកចែកទៅតាមតួនាទីនិងភារកិច្ចរបស់ក្រសួងនិងមន្ទីរពាក់ព័ន្ធ ហើយប្រសិនបើសំណូមពរត្រូវទៅតាមមន្ទីរអង្គភាពស្ថាប័នណាមួយ យើងត្រូវយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្ទីរជំនាញទាំងនោះបន្តទៅទៀត។ មិនតែប៉ុណ្ណោះត្រូវខិតខំដោះស្រាយ ប្រឹងប្រែងរកការពន្យល់ឲ្យបានច្បាស់លាស់ជូនចំពោះអ្នកដែលបានជួបនិងទុក្ខកង្វល់ទាំងនោះ ព្រមទាំងតាមដានជាមួយមន្ទីរពាក់ព័ន្ធដើម្បីឲ្យមន្ទីរទាំងនោះឆ្លើយនូវដំណោះស្រាយ។
ជាមួយគ្នានេះដែរ បន្ទាប់ពីបានយកចិត្តទុកដាក់ស្តាប់នូវរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចបន្ត, លោក នួន ពេជ្រ និមិត្ត បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងារទាំងអស់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកបុរីអូស្វាយសែនជ័យ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសខិតខំប្រឹងប្រែងស្វែងរកនូវដំណោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋានបានមួយចំនួនធំ។
គួរបញ្ជាក់ផងដែរ យោងលើរបាយការណ៍របស់ក្រុមការងារចុះមូលដ្ឋានស្រុកបុរីអូស្វាយសែនជ័យ ដែលបានអានដោយលោក ស្វាយ ពុទ្ធារ៉ា អភិបាលរងស្រុក ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សមិទ្ធផលសម្រេចបានមួយចំនួនជារួមគឺបានឆ្លើយតបភាគ ច្រើនទៅនឹងគោលដៅ និងគោលបំណងនៃការអភិវឌ្ឍស្រុក ការឈានទៅកាត់បន្ថយភាពក្រីក្រជូនប្រជា ពលរដ្ឋទូទាំងស្រុក និងការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធិភាព។
របាយការណ៍ដដែលនេះបានបង្ហាញថា ការងារសំខាន់ៗរបស់ថ្នាក់ ដឹកនាំរដ្ឋបាលស្រុកគឺខិតខំថែរក្សា ការពារសន្តិសុខ និង ថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុង ស្រុក ដើម្បីបង្កបរិយាកាសអំណោយផល ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ និងកិច្ចការ អភិវឌ្ឍន៍ស្រុក ជារួមសភាពការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះមានភាពល្អប្រសើរ ។
ដោយឡែកចំពោះផែនការបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក៏ដូចជាអាជ្ញាធរស្រុកនឹងបន្តពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមរក្សាបានសុខសន្តិ ភាព ជូនប្រជាពលរដ្ឋ, បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយស្រុកនៅជាប់ព្រំដែននៃ ប្រទេសជិតខាង ព្រមទាំងចាត់វិធានការទាន់ពេលវេលាអន្តរាគមន៍ការពារបាននូវសុខសុវត្ថិ ភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន,បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច, ពង្រឹងការផ្តល់ សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព, បន្តចុះមូលដ្ឋានក្នុងដែនសមត្ថកិច្ច ក្តាប់សភាពការណ៍ សំណើ សំណូមពរប្រជាជន ណឹង ឆ្លើយតប ដោះស្រាយសំណើ សំណូមពរទាំងនោះឱ្យបានទាន់ពេលវេលា, រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក ឱ្យបានទូលំទូលាយ, រួមទាំងបន្តសកម្មភាពសំខាន់ៗមួយចំនួនទៀត៕