(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជុំវិញវិធានការបង្ក្រាបក្មេងទំនើងជំហានទី២ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហុ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យស្ដីពីការងារបង្ក្រាបក្រុមក្មេងទំនើង និងបក្ខពួកសេសសល់បង្ក្រាបមិនទាន់អស់ ដើម្បីស្វែងរកបង្ក្រាបឲ្យដល់ឫសគល់ ខណៈក្រុមក្មេងទំនើងខ្លះមានដីកាតាមចាប់ខ្លួន។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានណែនាំឲ្យមានការពង្រឹងយកចិត្តទុកដាក់របស់មន្រ្តីនគរបាលយុត្តិធម៌តាមខណ្ឌទាំង១៤ និងការិយាល័យជំនាញ ត្រូវត្រួតពិនិត្យគ្រប់គ្រងការងារ អនុវត្តដីការបស់តុលាការឲ្យមានប្រសិទ្ធភាពផងដែរ។
គួរជម្រាបថា ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកនាយរងផែននគរបាលព្រហ្មទណ្ឌ លោកនាយ-នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល-បច្ចេកទេសវិទ្យាសាស្រ្ត, លោកអធិការរង និងលោកនាយកផ្នែកយុត្តិធម៌ខណ្ឌទាំង១៤ និងតំណាងការិយាល័យផ្សេងទៀត ដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕