(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា មនុស្សជាតិមិនត្រូវការឲ្យសង្គ្រាមកើតឡើងនោះទេ ហើយបន្ថែមថា គោលនយោបាយកាប់សម្លាប់ប្រជាពលរដ្ឋ មិនអាចទទួលយកបានឡើយ ដែលកូនខ្មែរជំនាន់ក្រោយត្រូវចងចាំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរក្សាទុកឯកសារ ពាក់ព័ន្ធអ.វ.ត.ក ឲ្យបានត្រឹមត្រូវ និងលើកទឹកចិត្តប្រជាពលរដ្ឋទាំងជនបរទេស និងខ្មែរ ដែលចង់សិក្សាស្រាវជ្រាវឯកសារដើម ពាក់ព័ន្ធរបបប្រល័យពូជសាសន៍។
បើតាមប្រសាសន៍សម្តេចធិបតី ប្រវត្តិសាស្ត្រយើងមិនមែនយកមកដើម្បីតែរំលឹកអំពើអាក្រក់ ឬមួយភាពអវិជ្ជមាននោះទេ ប៉ុន្តែវាជាតថភាពមួយនៅក្នុងសង្គមរបស់យើង ដែលកម្ពុជា និងពិភពលោករងគ្រោះ ដែលជាអ្វីមនុស្សជាតិ មិនត្រូវការកើតឡើង។ ការរៀបចំ ការចងក្រង និងការស្រាវជ្រាវ ចាំបាច់ណាស់ត្រូវតែមាន ប៉ុន្តែត្រូវផ្អែកលើឯកសារដែលពិតប្រាកដ កុំឲ្យនិយាយពាក្យថា ក្អែកមួយជាក្អែកដប់ ហើយបើប្រវត្តិសាស្ត្រមិនផ្អែកលើឯកសារពិតប្រាកដ ថ្ងៃក្រោយវានឹងក្លាយជារឿងផ្សេង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងការទាមទារតម្កល់ទុកឯកសារនៅទីនេះ ក៏ដូចជាបង្កើតនូវវិទ្យាស្ថានទៅថ្ងៃមុខ នៅក្នុងការថែរក្សា និងចែករំលែក ព្រោះប្រវត្តិសាស្ត្រឥលូវ សូម្បីតែនៅអង្គការសហប្រជាជាតិ បង្កើតជាថ្ងៃចងចាំផង ក្នុងអំពើប្រល័យពូជសាសន៍ នៅប្រទេសមួយចំនួន ដើម្បីឲ្យមនុស្សជាតិចងចាំពីប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្រ ដែលល្អ យើងត្រូវប្រឹងប្រែងដើម្បីជោគជ័យ តែប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយធ្វើយ៉ាងណាត្រូវចៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តអំពើជ្រុលនិយម កាប់សម្លាប់ប្រជាពលរដ្ឋ។ នៅក្នុងគោលនយោបាយ ទិសដៅណាក៏ដោយ ហេតុផលណាក៏ដោយ ប៉ុន្តែដែលចេញគោលនយោបាយកាប់សម្លាប់ប្រជាជនរាប់លាននាក់បែបនេះ គឺមិនអាចទទួលយកបានទេ ហើយកូនខ្មែរទាំងអស់ ត្រូវចងចាំ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ឯកសារនៅក្នុងអគារអនុវត្តការងារសេសសល់ អ.វ.ត.ក ជាប្រភពឯកសារដើមទាំងអស់ ហើយណែនាំឲ្យបង្កើនការរក្សាទុកឯកសារជាឌីជីថល ដើម្បីការពារការបាត់បង់ ខណៈឯកសារទាំងអស់នេះ មិនអាចត្រឡប់មកកាន់ក្ដី ១៦ឆ្នាំទៀតបានទេ។ ប្រវត្តិសាស្ដ្រដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងនោះទេ ពោលត្រូវបើកឱកាសឲ្យបរទេសស្រាវជ្រាវ ពិសេសតុលាការដែលមានចរិកប្រវត្តិសាស្ដ្រ។
សម្ដេចធិបតី បញ្ជាក់ដែរថា ក្មេងសម័យបច្ចុប្បន្នមិនជឿនូវអ្វីដែលចាស់ៗជំនាន់មុនបានឆ្លងកាត់ក្នុងសម័យសង្គ្រាម ដូច្នេះឯកសារពាក់ព័ន្ធត្រូវរក្សាទុកឲ្យបានល្អ៕