(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងសុន្ទរកថាមួយ បានថ្លែងស្នើឲ្យរួមគ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។
លោកស្រីថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលស្ដីពី «ផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀនមានខុសច្បាប់» ក្រោមប្រធានបទ «ខ្ញុំអ្នកយើងទាំងអស់គ្នារួមគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នាទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
បើតាម លោកស្រី ឡងឌី សាន់ណារ៉ា ការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងអាណ្ណត្តិកន្លងមក ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ក្នុងប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបនិងដោះស្រាយបញ្ហាដែលពាក់ព័ន្ធគ្រឿងញៀន សំដៅការពារសុខភាពប្រជាជនរួមទាំង ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមទាំងនៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលត្រូវបានបញ្ចប់បេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន ក៏ដូចជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបន្តវេនបំពេញបេសកម្មជាតិដ៏ថ្លៃថ្លា ស្របតាមច្បាប់គោលការណ៍យុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា។
លោកស្រីបានបន្តថា ក្នុងនាមស្ថានដែលមានតួនាទីក្នុងការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ក្រសួងវប្បធម៌និងសិល្បៈបានសហការនិងធ្វើការយ៉ាងជិតស្និតជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទ គ្រឹះស្ថានអប់រំ សិល្បករ ផលិតករ អ្នកនិពន្ធ អ្នកបង្កើតមាតិការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀតដើម្បីផ្សព្វផ្សាយអប់រំទៅតាមព្រឹត្តិការណ៍ និងការបង្កើតស្នាដៃផ្សេងៗ។ ជាមួយគ្នានេះ សិល្បករលើគ្រប់ផ្នែកបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមសម្ដែងទៅតាមព្រឹត្តិការណ៍ ពីខ្លឹមសារអប់រំ ទប់ស្កាត់ ការសម្តែងផ្ទាល់ ជាការតាក់តែងនិពន្ធស្នាដៃ ការថតខ្សែភាពយន្តអប់រំខ្លីៗ ព្រមទាំងការបញ្ចូលសារនៅតាមការចាក់បញ្ចាំងតាមរោងភាពយន្ត។ល។
នៅតាមបណ្ដារាជធានី ខេត្ត សិល្បករ តែងតែផ្តល់សារអប់រំជាប់ជានិច្ចនៅពេលមុនការចាប់ផ្ដើមកម្មវិធីសម្តែង។ ដូចមានបញ្ជាក់ក្នុងរបាយការណ៍របស់ក្រុមការងារក្នុងឆ្នាំ២០២៤ នៃឆមាសទី២ ក្រុមការងាររបស់ក្រសួងបានរៀបចំផែនការសកម្មភាពស្របនឹងយុទ្ធសាស្ត្របញ្ចាកោណ តំណាក់កាលទី១ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ផែនការសកម្មភាពនេះនិងធ្វើការសហការឲ្យបានជិតស្និទ្ធជាមួយខ្សែបណ្ដាយនៃមន្ទីរ អង្គភាពរបស់ក្រសួងនៅតាមរាជធានី-ខេត្តក៏ដូចជាអង្គការសមាគមសិល្បករ វិចិត្រករ និងអ្នកផ្សព្វផ្សាយវប្បធម៌ផ្សេងៗ។
លទ្ធផលនៃការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់របស់ក្រសួងវប្បធម៌ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ផ្សេងដែលមានការសម្ដែងសិល្បៈដែលយើងបានបញ្ចូលសារអប់រំផ្សេងៗ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ជូន។ បញ្ចូលសារអប់រំនៅតាមខ្សែភាពយន្តដែលបញ្ចាំងនៅក្នុងរោងភាពយន្ត។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត បានបញ្ច្រាបសារអប់រំនៅរាល់ការសម្ដែងសិល្បៈក្នុងកម្មវិធីនានានោះផ្សេងៗ។ល។ ក្រៅពីពេលនេះយើងបានសហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាគ្រឹះស្ថានអប់រំដើម្បីផ្សព្វផ្សាយអប់រំ បង្ការដល់ពួកគេដឺលជាយុវជន។
ក្រៅពីនេះក្រសួងតែងតែបន្ថែមការផ្សព្វផ្សាយអប់រំនៅតាមកម្មវិធីផ្សេងៗក្នុងផ្នែកវប្បធម៌ផងដែរ មានដូចជាបញ្ច្រាបដល់អ្នកនិពន្ធ ផលិតករភាពយន្ត អ្នកសរសេរមាតិកាខ្លីៗ ព្រមទាំងដល់សិល្បករល្បីៗ។ល។ លើសពីនេះក៏បានបញ្ចូលការអប់រំនៅក្នុងចម្រៀងកាយវិការ ចម្រៀងខារ៉ាអូខេនៅតាមផលិតកម្ម និងក្រុមហ៊ុនចែកចាយគ្រឿងបរទេសជាដើម។ លទ្ធផលខាងលើនេះជាការរួមចំណែករបស់ក្រសួងវប្បធម៌លើការផ្សព្វផ្សាយ អប់រំ បង្ការដែលមានកំណត់ក្នុងឯកសារផែនការយុទ្ធសាស្ត្ររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកស្រី ឡងឌី សាន់ណារ៉ា បានស្នើថា «ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ ខ្ញុំសូមស្នើដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលដែលអញ្ជើញមកពីបណ្ដាមន្ទីរវប្បធម៌ទាំង២៥រាជធានី-ខេត្ត សិល្បករ អ្នកនិពន្ធ ផលិតករ អ្នកផលិតមាតិកា និងអ្នកពាក់ព័ន្ធទាំងអស់មេត្តាយកចិត្តទុកដាក់ និងទទួលយកចំណេះដឹងនេះយកទៅពង្រីកផ្សព្វផ្សាយបន្តបញ្ជ្រាបទៅដល់មូលដ្ឋាន អនុវត្តការងាររបស់យើងដើម្បីសុខសុវត្ថិភាពសង្គមយើងទាំងមូល»។
ក្នុងពេលកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងសូមឱ្យក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ និងចូលរួមចំណែកកាន់តែសកម្មជុលផុសក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។ ដូច្នេះ ដើម្បីឆ្លើយតបនឹងការណែនាំខាងលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹងរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ ដោយគ្រោងនឹងអញ្ជើញ សិល្បករ សិល្បការិនី ដែលជាអ្នករាំ អ្នកសម្តែង អ្នកចម្រៀង តារាភាពយន្ត តារាកំប្លែង ទាំងក្នុងនិងក្រៅប្រព័ន្ធ សិស្ស និស្សិត មន្ត្រីរាជការ និងតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ទាំង២៥រាជធានី-ខេត្ត ដែលមានចំនួនប្រមាណក្រោម២០០រូប៕