(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្មេងសម័យបច្ចុប្បន្ននេះនៅមានអ្នកខ្លះមិនទាន់ជឿនូវអ្វីដែលចាស់ៗជំនាន់មុនបានឆ្លងកាត់ក្នុងសម័យសង្គ្រាមផ្ទាល់ និងបានប្រាប់ផ្ទាល់នោះទេ ទម្រាំក្មេងៗជំនាន់ក្រោយទៀត ដែលគ្មានចាស់ៗជំនាន់មុនប្រាប់ទៀតនោះរឹតតែមិនជឿហើយ ដូច្នេះការរក្សាទុកឯកសារពាក់ព័ន្ធឲ្យបានល្អ ជារឿងចាំបាច់បំផុត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក.។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សម័យនេះសូម្បីតែអ្នកដែលឃើញជាក់ស្តែង (តាមវីដេអូប្រវត្តិសាស្ត្រពីសម័យ ប៉ុល ពត) ជួនកាលអ្នកខ្លះត្រូវគេយកទៅទឹមធ្វើជាគោផង នៅមានក្មេងៗមួយចំនួនមិនទាន់ជឿ ទម្រាំតែអ្នកទាំងអស់នេះក្នុងពេល ៥០ឆ្នាំទៀត គាត់លែងបាននៅបានប្រាប់ថា តា យាយ បានឆ្លងកាត់ពិត អារឿងនឹងពិត ចឹងអស់ពីពួកគាត់ទៅ តើមានអ្នកណាប្រាប់ទៅក្មេងៗទៀត ចឹងហើយការរក្សាទុកឯកសារគឺជារឿងសំខាន់»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ប្រវត្តិសាស្ត្រដែលកម្ពុជាមាន ក៏មិនត្រឹមទុកតែកម្ពុជាកូនខ្មែរនោះទេ គឺត្រូវចែករំលែកទៅដល់បណ្តាប្រទេសផ្សេងៗ តាមរយៈការបើកឱ្យស្រាវជ្រាវ ឫចែករំលែកបទពិសោធន៍នៅកម្ពុជា ជាពិសេសតុលាការកូនកាត់ដែលមានចរិកប្រវត្តិសាស្ត្រនេះ ហើយនេះគឺជាអ្វីដែលជាភាពចាំបាច់នៅក្នុងការរៀបចំថែរក្សានូវអគារដែលជាជំហ៊ានមួយ ហើយនៅថ្ងៃក្រោយ គឺរៀបចំជាវិទ្យាស្ថានបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលបន្ថែមទៀត ទុកជាតម្លៃសម្រាប់កូនខ្មែរជំនាន់ក្រោយរបស់យើងបានដឹង ទាំងវប្បធម៍ និងការជឿជាក់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វប្បធម៍ និងការលំបាកពីជំនាន់មុន វាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពចាំបាច់នូវការថែរក្សាសន្តិភាព ព្រោះវាបានភ្ជាប់គ្នានូវអ្វីដែលជាប្រវត្តិសាស្ត្ររបស់យើង ពិសេសម័យមហានគរចុះមករហូតទៅដល់ចំនូចសូន្យ ហើយត្រូវចាប់ផ្តើមឡើងវិញ៕