(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ និងរដ្ឋបាលនៃ អ.វ.ត.ក. សិក្សាឱ្យបានស៊ីជម្រៅទៅលើចំណុចចំនួន៦ ក្នុងសិក្សា និងរៀបចំបង្កើតវិទ្យាស្ថានរបស់រដ្ឋមួយដែលទទួលបន្ទុកកេរ្តិ៍ដំណែលរបស់អ.វ.ត.ក. ដើម្បីចងក្រងគ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវចែករំលែកចំណេះដឹងដល់ក្មេងជំនាន់ក្រោយ ឈ្វេងយល់បន្ថែមអំពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនៅកម្ពុជា។
សម្តេចណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចធិបតីមាន ប្រសាសន៍ថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់ អ.វ.ត.ក. បានធ្វើឱ្យប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានសក្តានុពលជាងគេនៅក្នុងតំបន់ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់។
ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តល់គោលការណ៍ដើម្បីឱ្យសិក្សា និងរៀបចំបង្កើតវិទ្យាស្ថានរបស់រដ្ឋមួយដែលទទួលបន្ទុកកេរ្តិ៍ដំណែលរបស់អ.វ.ត.ក. ដើម្បីចងក្រងគ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីឈ្វេងយល់បន្ថែមអំពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ក៏ដូចជាជោគជ័យនៃដំណើរការជំនុំជំរះក្តីរបស់អ.វ.ត.ក.។
ទន្ទឹមគ្នានេះ សម្តេចបានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ និងរដ្ឋបាលនៃ អ.វ.ត.ក. ក៏បន្តការពិចារណាឱ្យបានស៊ីជម្រៅទៅលើចំណុច ចំនួន៦ទៀត រួមមាន៖
ទី១-អំពីតួនាទី និងការទទួលខុសត្រូវស្នូលរបស់វិទ្យាស្ថាន (Core Roles and Responsibilities),
ទី២-អំពីឈ្មោះនិងរចនាសម្ព័ន្ធ (Name and Structure),
ទី៣-អំពីឋានៈនិងទម្រង់ (Status and Modality),
ទី៤-អំពីដៃគូសហប្រតិបត្តិការ (Partners of Cooperation),
ទី៥-អំពីការវាយតម្លៃផលប៉ះពាល់ (Impact Assessment),
និងទី៦-អំពី តម្រូវការថវិកា (Budget Requirements)។
សូមជម្រាបថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩។ ក្រោយដំំណើរការអស់រយៈពេល១៦ឆ្នាំ ការកាត់ទោសទៅលើមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហមបានបានបញ្ចប់ប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ក្នុងដំណើរការនាំកាត់ក្តីនេះ បានបន្សល់នូវ បណ្ណសារតុលាការ ចំនួនសរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង)៕