(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តជនបរទេសនិងប្រជាពលរដ្ឋខ្មែរដែលចង់សិក្សាពីរបបប្រល័យពូជសាសន៍ អាចមកស្រាវជ្រាវក្នុងឯកសារដើមដែលមាននៅអគារ អ.វ.ត.ក ពីព្រោះទីនេះមានឯកសារដើមពិតប្រាកដទាំងអស់។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ចនិងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា ទំព័រប្រវត្តិសាស្ត្រនេះមិនត្រូវចាក់សោទុកឱ្យដីហុយកប់នោះទេ ចាំបាច់ត្រូវរំលឹកឡើងវិញឱ្យកូនខ្មែរចងចាំ។ ប្រវត្តិសាស្ត្រមិនមែនយកមកគ្រាន់តែរំឭកតែអំពើអាក្រក់ ឬមួយភាពអវិជ្ជមាននោះទេ ប៉ុន្តែជាតថភាពមួយក្នុងសង្គមដែលកម្ពុជានិងពិភពលោករងគ្រោះ ដែលមនុស្សជាតិមិនត្រូវការ មិនចង់ឱ្យកើតឡើង។
ការរៀបចំចងក្រងចាំបាច់ត្រូវតែមាន ប៉ុន្តែត្រូវផ្អែកលើតថភាពពិត ឯកសារដែលពិតប្រាកដ កុំមានពាក្យក្អែក១ក្អែក១០។ បើប្រវត្តិសាស្ត្រមិនផ្អែកលើឯកសារពិតប្រាកដ ថ្ងៃក្រោយវានឹងក្លាយហើយ (ឯកសារក្លែងក្លាយ) ដូច្នេះការរៀបចុះទុកជាឯកសារ និងការរៀបចំជាវិទ្យាស្ថានទៅថ្ងៃមុខ ក្នុងការថែរក្សា និងចែករំលែក គឺកិច្ចការចាំបាច់ណាស់។
មិនត្រឹមតែថែរក្សាប៉ុណ្ណោះទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋទាំងជនបរទេសនិងខ្មែរដែលចង់សិក្សាស្រាវជ្រាវពាក់ព័ន្ធរបបប្រល័យពូជសាសន៍ អាចមកស្រាវជ្រាវក្នុងឯកសារដើមដែលមាននៅអគារ អ.វ.ត.ក ខណៈឯកសារដើមគឺមាននៅទីនេះ ដែលមានតម្លៃជាប្រវត្តិសាស្ត្ររាប់រយឆ្នាំតទៅមុខទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រវត្តិសាស្ដ្រដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងនោះទេ ពោលត្រូវបើកឱកាសឱ្យបរទេសស្រាវជ្រាវ ពិសេសតុលាការដែលមានចរិតប្រវត្តិសាស្ដ្រ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរក្សាទុកឯកសារពាក់ព័ន្ធ អ.វ.ត.ក ឱ្យបានត្រឹមត្រូវ និងណែនាំឱ្យបង្កើនការរក្សាទុកឯកសារជាឌីជីថល ដើម្បីការពារការបាត់បង់ ខណៈឯកសារទាំងអស់នេះមិនអាចត្រឡប់មកកាន់ក្ដី១៦ឆ្នាំទៀតបានទេ។
សម្ដេចធិបតីបានបន្តថា វប្បធម៌និងប្រវត្តិសាស្ត្រដែលលំបាក វាបង្ហាញដោយភាពចាំបាច់ក្នុងការថែរក្សាសន្តិភាព ព្រោះផ្សារភ្ជាប់គ្នាមិនអាចកាត់ផ្ដាច់បានឡើយ៕