(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមសំដែងនូវការគោរពអរគុណដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមចងចាំជានិច្ចចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ឯកភាពជាតិ និងឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ខ្លួន តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ។
ការថ្លែងបែបនេះរបសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក.។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់លទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឆ្លៀតយកឱកាសដ៏កម្រនេះ សូមសំដែងនូវការគោរពអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមចងចាំជានិច្ចចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ខ្លួន តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការឧបត្ដម្ភគាំទ្រ ចាប់តាំងពីគំនិតផ្តួចផ្តើមការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. ព្រមទាំងបញ្ចប់ទាំងស្រុងនៃដំណើរកាត់ក្តីមេដឹកនាំក្នុងរបបខ្មែរក្រហម ដោយរលូន និងមានការទទួលស្គាល់ពីអន្តរជាតិផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងរំលឹកស្នាដៃការលះប់ និងកេរ្តិ៍ដំណែលរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានដឹកនាំក្រុមការងារចរចារបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្កើតតុលាការកូនកាត់មួយនេះ ព្រមទាំងបានដំណើរការដោយរលូន និងរក្សាបាននូវអធិបតេយ្យភាព ម្ចាស់ការក្នុងការដឹកនាំ និងការចាត់ចែងដំណើរកាត់ក្តីជាដើម។
បន្ថែមពីនេះសម្តេធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈនយោបាយឈ្នះឈ្នះនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត អ.វ.ត.ក. ដោយមានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍ អន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម, ការផ្សះផ្សាសង្គមដែលបែកបាក់, ការលុបបំបាត់វប្បធម៌ និទណ្ឌភាព និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំនៃបណ្តាប្រទេសទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេ៕