(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាថា នៅវេលារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលតាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯកហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌ តាមបណ្តាញសង្គមដើម្បីបំភ្លឺករណី ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា លោក ទី ចំរើនកុសល្យ មន្រ្តីនគរបាលក្រសួងមហាផ្ទៃគំរាមសម្លាប់។
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ លោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ បានបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន មានខ្លឹមសារថា «ករណីកូនៗឪពុកត្រូវបានគេគំរាមសម្លាប់ រៀបចំផែនការកំចាត់ឪពុកហើយ» ដែលបុគ្គលនោះ មានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ។ លុះក្រោយពេលអញ្ជើញទៅធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌកំបូលរួចមក ទើបបានដឹងថាករណីដែលគាត់បាន សរសេរបង្ហោះនេះ មិនមែនមានន័យថាគេគំរាមសម្លាប់អាយុជីវិតគាត់នោះទេ គឺគំរាមសម្លាប់ ក្នុងវិស័យមនុស្សធម៌តាមបណ្តាញសង្គមនានាតែប៉ុណ្ណោះ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស បានឲ្យដឹងទៀតថា ចំពោះសមាសភាពដែលគាត់បានចោទប្រកាន់នោះគឺមានឈ្មោះ ទី ចំរើនកុសល្យ មន្រ្តីនគរបាលក្រសួងមហាផ្ទៃ ។ ពេលនោះបើតាមការសំណូមពរ របស់លោក ផន ផល្លា ស្នើសុំឲ្យលោក ទី ចំរើនកុសល្យ សូមបញ្ឈប់រាល់កម្មភាពនានា ដែលផុសប៉ះពាល់កិត្តិយសរបស់គាត់ តាមបណ្តាញសង្គមនានា។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានអប់រំធ្វើកិច្ចសន្យាចំពោះ លោក ផន ផល្លា បញ្ឈប់ការបង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំបង្កប៉ះពាល់ដល់សន្តិសុខសង្គម។ បន្ទាប់មកបានសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ៕