(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ អញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក.។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីសោមនស្សជាអនេក ដែលបានមកចូលរួម និង ថ្លែងសុន្ទរកថា ក្នុងពិធី “ទស្សនកិច្ចនិងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី និង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា របបខ្មែរក្រហម បានបន្សល់ទុកនូវការខូចខាតនឹកស្មានមិនដល់ និងទុក្ខវេទនាដែលមិនអាចបំភ្លេចបាន ដល់ពលរដ្ឋខ្មែររហូតមកដល់ពេលបច្ចុប្បន្ន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជា ពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សរ៍ហើយក៏ដោយ ក៏ពលរដ្ឋខ្មែរនៅបន្តប្រយុទ្ធប្រឆាំង ទៅនឹងភាពឈឺចាប់ទាំងនោះដដែល។ ជនរងគ្រោះដែលនៅរស់រានមានជីវិត ខិតខំតស៊ូជម្នះ វិបត្តិផ្លូវចិត្ត និងផ្លូវកាយពីការបាត់បង់សមាជិកគ្រួសារ និងបញ្ហាសុខភាពផ្ទាល់ខ្លួនជាប្រចាំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសូមឆ្លៀតយកឱកាសដ៏កម្រនេះ សូមសំដែងនូវការគោរពអរគុណដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមចងចាំជានិច្ចចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ឯកភាពជាតិ និងឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់ខ្លួន តាមរយៈការដាក់ចេញនូវ នយោបាយ ឈ្នះ-ឈ្នះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ- ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់ លទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។
* សម្តេធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត អ.វ.ត.ក. ដោយ មានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍ អន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម, ការផ្សះផ្សាសង្គមដែលបែកបាក់,
ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំនៃបណ្តាប្រទេស
ទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេ។
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា មនុស្សជាតិមិនត្រូវការឲ្យសង្គ្រាមកើតឡើងនោះទេ
* សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរក្សាទុកឯកសារ ពាក់ព័ន្ធអ.វ.ត.ក ឲ្យបានត្រឹមត្រូវ
* សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយកាប់សម្លាប់ប្រជាពលរដ្ឋ មិនអាចទទួលយកបានឡើយ ដែលកូនខ្មែរជំនាន់ក្រោយត្រូវចង់ចាំ
* សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តប្រជាពលរដ្ឋទាំងជនបរទេស និងខ្មែរ ដែលចង់សិក្សាស្រាវជ្រាវឯកសារដើម ពាក់ព័ន្ធរបបប្រល័យពូជសាសន៍
* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឯកសារនៅក្នុងអគារអនុវត្តការងារសេសសល់ អ.វ.ត.ក ជាប្រភពឯកសារដើមទាំងអស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបង្កើនការរក្សាទុកឯកសារជាឌីជីថល ដើម្បីការពារការបាត់បង់ ខណៈឯកសារទាំងអស់នេះ មិនអាចត្រឡប់មកកាន់ក្ដី១៦ឆ្នាំទៀតបានទេ
* សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រវត្តិសាស្ដ្រដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងនោះទេ ពោលត្រូវបើកឱកាសឲ្យបរទេសស្រាវជ្រាវ ពិសេសតុលាការដែលមានចរិកប្រវត្តិសាស្ដ្រ
* សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្មេងសម័យបច្ចុប្បន្នមិនជឿនូវអ្វីដែលចាស់ៗជំនាន់មុនបានឆ្លងកាត់ក្នុងសម័យសង្គ្រាម ដូច្នេះឯកសារពាក់ព័ន្ធត្រូវរក្សាទុកឲ្យបានល្អ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖២០នាទី ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕