(ភ្នំពេញ)៖ លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ដ្រីរបស់ខ្លួន បន្ដយុទ្ធនាការរបិទលិខិតបណ្ណស្ដីពី «គួរស្វែងយល់ពីជំងឺ Zika ទាំងអស់គ្នា» នៅតាមរថយន្ដក្រុងរបស់រដ្ឋទាំងអស់ នៅចំណតរថយន្ដក្រុងទល់មុខផ្សាររាត្រី។
ប្រធានមន្ទីរសុខាភិបាលរួបនេះ បានថ្លែងបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh news ថា សកម្មភាពចុះបិទលិខិតបណ្ណស្ដីពី «គួរស្វែងយល់ពីជំងឺZika ទាំងអស់គ្នា» នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីផ្ដល់ជាដំណឹងដល់ប្រជាពលរដ្ឋ ឲ្យបានដឹងកាន់តែទូលំទូលាយបន្ថែមទៀតពី ការចម្លងមេរោគZika តាមរយៈអ្វី, រោគសញ្ញា, ការវិវត្ដន៍នៃជំងឺ , រួមទាំងវិធីបង្ការដែលជាចំណុចសំខាន់បំផុត ។ កម្ពុជាយើងពុំមានវត្ដមាន នៃជំងឺនេះនៅឡើយទេ។
លោកបន្ដថា «ដូច្នេះខ្ញុំនិងមន្ដ្រីសុខាភិបាលទាំងអស់ បានចុះទៅអប់រំ និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋយើងនូវវិធីបង្ការនៃ «ជំងឺឆ្លងZika» ដូចជា ត្រូវការការវលុបបំបាត់ជំរកមូសខ្លា ,ការពារមូសខាំ ត្រូវគេងក្នុងមុងទាំងយប់-ថ្ងៃ, ស្លៀកពាក់ឲ្យជិតៗមានពណ៌ចាំង, ជៀសវាងនៅក្នុងទីងងឹត។ ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹក .... ជាជម្រកមូសខ្លា)។ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ប្រសិនបើធ្វើដំណើរទៅកាន់ប្រទេសដែលកំពុងតែមានការរាតត្បាតជំងឺ «ជំងឺឆ្លងZika» ពិសេសស្ដ្រីមានផ្ទៃពោះ គួរជៀសវាង ការធ្វើដំណើរទៅតំបន់ទាំងនោះបើមិនចំាបាច់»។
ទន្ទឹមនោះលោកក៏បានអំពាវឲ្យប្រជាពលរដ្ឋ ទាំងអស់បើមានរោគសញ្ញាសង្ស័យ សូមស្វែងរកសេវាសុខាភិបាលសាធារណៈ ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖០១២ ៨២៥ ៤២៤។
គួររំលឹកផងដែរថា កន្លងមកនេះ ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានយកចិត្ដទុកដាក់ខ្ពស់ចំពោះជំងឺឆ្លងនេះ ពិសេសរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បិទស្ទីក័រ និងលិខិតបណ្ណស្ដីពី «ជំងឺឆ្លងZika» មុនគេនៅលើរថយន្ដរបស់លោក៕