(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ អញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផល នៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក.។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩។
សមិទ្ធផលនៃ អ.វ.ត.ក. ដ៏ថ្លៃថ្លាទាំងនេះ គឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានផ្តួចផ្តើមបង្កើត អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយមានអង្គការសហប្រជាជាតិចូលរួម ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងគោលដៅធានា សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ។
អ.វ.ត.ក. ក៏បានបង្កើតជាតុលាការគំរូអន្តរជាតិមួយផងដែរ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាព នៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ។
អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល១៦ឆ្នាំ ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ ដូចខាងក្រោម៖
*ទី១៖ បណ្ណសារតុលាការ មានចំនួនសរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង)
*ទី២៖ កេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព, ការផ្សះផ្សាជាតិ, ការស្វែងរកការពិត, ការពង្រឹងនីតិរដ្ឋ, និងជាពិសេស ការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាព ចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជនកម្ពុជាជាង៣លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបដ៏សាហាវយង់ឃ្នងនេះ
*ទី៣៖ បានចូលរួមចំណែកដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់ និងយុត្តិធម៌ តាមរយៈការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្ត្រីតុលាការនិងមន្ត្រីច្បាប់ ដូចជា ការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធជាច្រើនពីអ.វ.ត.ក. ទៅដល់ប្រព័ន្ធតុលាការជាតិនិង ទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ជាក់ស្ដែង គំរូរដ្ឋបាលតុលាការរបស់ អ.វ.ត.ក. ត្រូវបាន យកមកបង្កើត និងបាននិងកំពុងដាក់ឲ្យអនុវត្តនៅក្នុងប្រព័ន្ធតុលាការជាតិសព្វថ្ងៃ។
គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. នេះ មិនត្រឹមតែសម្រេចបានទៅតាមគោលដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតនូវលក្ខណៈដោយឡែក (Uniqueness) យ៉ាងហោចចំនួន៥បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិផ្សេងៗទៀត ពោលគឺ៖
*ទី១៖ បានកាត់សេចក្តី និងផ្តន្ទាទោសអស់មួយជីវិតទៅលើអតីតប្រមុខរដ្ឋចំពោះឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ចាប់តាំងពីការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបង្ការអំពើប្រល័យ ពូជសាសន៍នៅឆ្នាំ១៩៤៨មក។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ
*ទី២៖ បានអនុញ្ញាតឲ្យជនរងគ្រោះចូលរួមក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ ក្នុងនាមជាដើមបណ្តឹង រដ្ឋប្បវេណី ដែលជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ បើប្រៀបធៀបទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងៗទៀត
*ទី៣៖ បានធ្វើការផ្សព្វផ្សាយដោយផ្ទាល់ទៅដល់អ្នកចូលរួមជាង ៦៥០,០០០នាក់ តាមរយៈការអនុញ្ញាតឲ្យប្រជាពលរដ្ឋ និងជនរងគ្រោះមកតាមដានដោយផ្ទាល់សវនាការជំនុំជម្រះក្តី និងការរៀបចំឲ្យមានការធ្វើទស្សនកិច្ចសិក្សានៅក្នុងអំឡុងពេលដំណើរការកាត់សេចក្ដី
*ទី៤៖ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងការរក្សាបានយ៉ាងពេញលេញនូវអធិបតេយ្យភាពរបស់ កម្ពុជា តាមរយៈភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំ។ ជាងនេះទៀត ប្រទេសមួយចំនួន រួមមាន បង់ក្លាដែស ស្រីលង្កា កេនយ៉ា សេណេហ្គាល់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានមក សិក្សាយកគំរូកូនកាត់នេះ ទៅរៀបចំនិងបង្កើតជាតុលាការស្រដៀងគ្នានេះ ដើម្បីវិនិច្ឆ័យ ទៅលើឧក្រិដ្ឋកម្មប្រល័យពូជ-សាសន៍ និងឧក្រិដ្ឋកម្មសាហាវយង់ឃ្នង
*ទី៥៖ បានចំណាយថវិកាអស់តិចជាងគេ ក្នុងនោះភាគីជាតិចំណាយអស់ប្រហែល មួយភាគបួន (១/៤) និង ភាគីអន្តរជាតិចំណាយអស់ប្រហែលបីភាគបួន(៣/៤) បើប្រៀបធៀបទៅនឹង តុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងៗទៀត ដែលបានចំណាយថវិកាអស់ចន្លោះពី៨០-១០០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
ចាប់ពីឆ្នាំ២០០៦ ដល់ ២០២៣ អ.វ.ត.ក. បានចំណាយអស់ថវិកាចំនួនសរុប ប្រមាណ៤០៧លានដុល្លារអាមេរិក ក្នុងនោះថវិការួមចំណែកពីសហគមន៍អន្តរជាតិមានចំនួន២៩៣លានដុល្លារអាមេរិក (ស្មើនឹង៧២%), ថវិកាផ្ទាល់ពី អ.ស.ប. មានចំនួន៦៧លានដុល្លារអាមេរិក (ស្មើនឹង១៦%), និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល មានចំនួន៤៧លានដុល្លារអាមេរិក (ស្មើនឹង១២%)។
ទោះបីជាដំណើរការជម្រះក្តីរបស់ អ.វ.ត.ក. ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយ ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានបន្តផ្តល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១ ដែលរួមមានកិច្ចការគតិយុត្តមួយចំនួន រួមទាំង ការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ, ការថែរក្សា និងការផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយដល់សាធារណជន និងការបង្កើតឲ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួនទុក និងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដាអន្តរជាតិសម្រាប់ឲ្យសាធារណជនអាចចូលមើល និងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត៕