(ភ្នំពេញ)៖ កម្ពុជាគ្រោងនឹងពង្រីកការនាំចេញ «ម្សៅប្រហុកខ្មែរ» ទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈគម្រោង Capfish-Capture ដើម្បីបញ្ច្រាបផលិតផលជលផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានលើកទី២ រៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការយូនីដូ, លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel និងប៉េប៉េអ៊ឹម បានមានប្រសាសន៍ថា ក្រុមហ៊ុន Confirel គ្រោងនាំចេញ «ម្សៅប្រហុកខ្មែរ» ទៅកាន់ទីផ្សារអឺរ៉ុប ក្រោមគម្រោង Capfish-Capture ដើម្បីបញ្ច្រាបផលិតផលជលផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។
ម្សៅប្រហុក គឺជាគម្រោងរបស់ក្រុមហ៊ុន ខនហ្វីរេល ក្រោមការរកឃើញពីលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ដែលគំរោងចាប់ ផ្តើមចេញរូបរាងតាំងពីដើមឆ្នាំ២០២៣។ គម្រោងម្សៅប្រហុក មានគោលបំណងច្នៃប្រឌិត និងលើកកម្ពស់ប្រហុកប្រពៃណីខ្មែរ ដោយប្រែក្លាយវាទៅជាទម្រង់ម្សៅដែលងាយស្រួលប្រើ និងប្រកបដោយគុណភាពខ្ពស់។ ប្រហុក គឺជាមុខម្ហូបដ៏សំខាន់ ដែលគេនិយមប្រើប្រាស់ ក្នុងការចម្អិនជាមុខម្ហូបខ្មែរ ដោយសារប្រហុកមានរសជាតិដែលមិនអាចខ្វះបាន និងមានសារៈសំខាន់សម្រាប់វប្បធម៌ខ្មែរ។
លោកបណ្ឌិត បានលើកឡើងថា តាមរយៈការបម្លែងប្រហុកឱ្យទៅជាម្សៅ យើងមិនត្រឹមតែរក្សានូវអាហារឆ្ងាញ់បែបប្រពៃណីនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យវាកាន់តែមានភាពងាយស្រួលក្នុងការ ប្រើប្រាស់ទុកដាក់អនាម័យខ្ពស់ និងអាចប្រើប្រាស់បានទាំងម្ហូបខ្មែរ និងម្ហូបបរទេសមួយចំនួនទៀតផង ដូច្នេះប្រហុកម្សៅគីរម្យ គឺសាកសមបំផុតសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ សហការីរបស់លោកបណ្ឌិត លោកស្រី ម៉ៅ រចនា ប្រធានផ្នែកគម្រោងនៃក្រុមហ៊ុន Confirel បានលើកឡើងផងដែរថា «គោលបំណងរបស់គម្រោង គឺដើម្បីចែករំលែកនូវមរតកវប្បធម៌ខ្មែរ និងរសជាតិប្លែកនៃប្រហុកខ្មែរយើង ជាមួយអ្នកដែលនិយមចូលចិត្តស្វែងរកអាហារថ្មីៗប្លែកៗនៅពីជុំវិញពិភពលោក និងដើម្បីដាក់លក់នៅក្នុងទីផ្សារក្នុងស្រុក និងនាំចេញម្សៅប្រហុកទៅកាន់ទីផ្សារអន្តរជាតិដោយជោគជ័យ ហើយអាចធានាថាត្រូវតាមស្តង់ដារសុវត្ថិភាព និងគុណភាពអាហារ។
ប៉ុន្តែពីនោះ លោកស្រីបានបន្តថា គោលដៅនេះគឺត្រូវផ្តោតទៅលើដំណើរការផលិតទាំងមូល ចាប់តាំងពីការស្វែងរកវត្ថុធាតុដើមរហូតដល់ការវេចខ្ចប់ និងការចែកចាយដោយសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើនិរន្តរ ភាព និងការអភិវឌ្ឍសហគមន៍ ហើយម្សៅប្រហុកគីរម្យ ត្រូវការផលិតពីប្រហុកដែលបានកែច្នៃត្រីនៅបឹងទន្លេសាប ដែលជាបឹងធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលវាមានសារៈសំខាន់បំផុតនៅក្នុងប្រពន្ធ័អេកូឡូស៊ី, ជាជរំរកសត្វត្រី និងសត្វព្រៃធំជាងគេ។
គីរម្យប្រហុកម្សៅមាន៥រសជាតិផ្សេងៗគ្នា សម្រាប់បំពេញតម្រូវការអតិថិជនដូចជា៖ KIRUM-Regular (រសជាតិមធ្យម), KIRUM-Light (រសជាតិស្រាល), KIRUM-Strong (រសជាតិដិត), KIRUM-Galangal (រសជាតិរំដេង) និងKIRUM-Kaffir Lime (រសជាតិស្លឹកក្រូចសើច)។
លក្ខណៈពិសេសរបស់ម្សៅប្រហុកគីរម្យមានដូចជា៖ ផលិតផលច្នៃប្រឌិតថ្មីតែរក្សាអត្តសញ្ញាណខ្មែរ, ផលិតផលមានគុណភាព និងរសជាតិប្លែកឆ្ងាញ់ពិសារ, ចុះបញ្ជីជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ និងទទួលបានកម្មសិទ្ធិបញ្ញានាពេលឆាប់ៗ ងាយស្រួលប្រើប្រាស់ និងមាន៥រសជាតិសំរាប់ជ្រើសរើស ដ្បិតការកែច្នៃជាប្រភេទម្សៅបានកាត់បន្ថយក្លិនដើមរបស់ប្រហុកខ្មែរ ដែលអតិថិជននៅបស្ចិមប្រទេសមិននិយមទទួលទាន និងជាផលិតផលថ្មីមួយដែលបន្ថែមគ្រឿងផ្សំយ៉ាងល្អបំផុត សម្រាប់មុខម្ហូបអឺរ៉ុបដូចជាភីស្សា ស្តេហ្គីធី ហ៊ែមប៊ីហ្គ័រ ទឹកជ្រលក់ បាយឆាប្រហុក ឬឈីសប្រហុកជាដើម។
លោកស្រី ម៉ៅ រចនា បានបន្តថា ដើម្បីជោគជ័យគោលបំណងនៃគម្រោងមានបញ្ហាប្រឈមសំខាន់ៗជាច្រើន ដែលយើងបានព្យាយាមជម្នះមួយជំហានម្តងៗ ដើម្បីសម្រេចបាននូវគោលបំណងរបស់យើងក្នុងការនាំផលិតផលរបស់យើងទៅកាន់ទីផ្សារបរទេស ពីព្រោះថា ការនាំចេញឬចូលទៅក្នុងទីផ្សារអន្តរជាតិបែបនេះ មិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះហើយយើងត្រូវមានការបញ្ជាក់អំពីស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ ដែលទាមទារឲ្យក្រុមហ៊ុនធ្វើការវិនិយោគ លើការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរួម គ្រឿងចក្រខ្សែសង្វាក់ផលិតកម្ម និងធនធានមនុស្ស។
សហការីរូបនេះ បានបញ្ជាក់ថា ដោយសារនេះជាផលិតផលជលផល ដូច្នេះយើងមានតម្រូវការច្រើនសម្រាប់ឈានចូលទីផ្សារអន្តរជាតិ ជាតួយ៉ាងព័ត៌មានពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់វត្ថុធាតុដើម ឬធាតុចូលផលិតកម្មជាដើម និងនីតិវិធីក្នុងការនាំចេញផងដែរ។
ទន្ទឹមនឹងនេះជំនួយរបស់កម្មវិធី CAPFISH ផ្តល់នូវដំណោះស្រាយជាច្រើនដូចជា៖
ទី១៖ ជំនួយបច្ចេកទេសផ្តល់ដោយគម្រោង CAPFISH កិច្ចគាំទ្របច្ចេកទេសដើម្បីទទួលបានវិញ្ញាបនបត្រ HACCP (Food safety compliance),ភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ប្រហុក ដូចជាក្រុមកែច្នៃនិងសិប្បកម្មផលិតប្រហុក ដើម្បីធានាគុណភាពវត្ថុធាតុដើម (supplier linkages),ជំនួយបច្ចេកទេសលើការអភិវឌ្ឍស្លាកយីហោ (branding development) និងការផ្សារភ្ជាប់បណ្តាញទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ប្រទេសបារាំង (market linkage)
ទី២៖ ជំនួយទៅលើម៉ាស៊ីនមួយចំនួន សម្រាប់ខ្សែសង្វាក់ផលិតកម្ម កំពុងរៀបចំលម្អិតលើយថាប្រភេទឬលក្ខណៈលម្អិតបច្ចេកទេស របស់សម្ភារៈបរិក្ខារដែលស្នើសុំពីគម្រោង CAPFISH-Capture
ទី៣៖ ការបង្កើតនិងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថលតាមរយៈប្រព័ន្ធនេះ អតិថិជនអាចស្កែន QR កូដដែលបិតភ្ជាប់នៅលើផលិតផលដើម្បីអង្កេតដានឌីជីថលអំពីដំណើរទាំងមូលរបស់ ផលិតផលម្សៅប្រហុកខ្មែរទំនើបពីកសិដ្ឋានចិញ្ចឹមឬទូកនេសាទទៅដល់តុអាហារ។ ការណ៍នេះមិនត្រឹមបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបង្កើនគុណភាពនិងគ្រប់គ្រងហានិភ័យប៉ុណ្ណោះទេ តែកសាងទំនុកចិត្តជាមួយអតិថិជននិងតួអង្គពាក់ព័ន្ធ។
តាមរយះការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល និងគម្រោង CAPFISH-Capture, ក្រុមហ៊ុន ខនហ្វីរេល រំពឹងថាគីរម្យម្សៅប្រហុកនឹងមានលទ្ធភាពបង្ហាញវត្តមានរបស់ខ្លួន នៅលើទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗនេះ។
សូមជម្រាបថា បច្ចុប្បន្នផលិតផលរបស់លោកឧកញ៉ា ហៃ លីអ៊ាង មានដូចជាស្ករត្នោត ម្រេចកំពត ចេក ស្វាយ ល្មៀត ម្នាស់ ខ្ញី និងកសិផលខ្មែរជាច្រើនទៀតនាំចេញទៅក្រៅស្រុកជាច្រើនប្រទេសដូចជា សហរដ្ឋអាមេរិច ជប៉ុន វៀតណាម បារាំង និងប្រទេសផ្សេងៗទៀតជាដើម ដោយក្នុងនោះផលិតផលរបស់ Confirel ក៏បានដាក់លក់នៅតាមផ្សារទំនើបក្នុងស្រុកទាំងអស់ទូទាំងប្រទេស ដែលក្នុងនោះក៏មានផ្សារទំនើបធំៗចំនួន៣ផងដែរដូចជា ផ្សារទំនើបអ៊ីអន, ផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបឡាក់គីជាអាទិ៍៕