(ស្វាយរៀង)៖ អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងចំនួន៣រូបរួមមាន លោកបណ្ឌិតសម តារា, លោកបណ្ឌិតជ័យ សុន, លោកស្រីឯក សុវណ្ណភារៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាលដោយមេអំបៅហ្វូង រុយស និងដង្កូវហ្វូងចំនួន២ឃុំ នៅស្រុករមាសហែក ខេត្តស្វាយរៀង។

ការចុះពិនិត្យស្ថានភាពស្រូវដែលរងការបំផ្លាញដោយសត្វល្អិតនេះ មានការចូលរួមពីលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង, លោក ប៊ុន សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក ស៊ូ ម៉ុល អភិបាលស្រុកអារមាសហែក បានឲ្យដឹងថា ផ្ទៃដីរងផលប៉ះពាល់ដោយសត្វល្អិតសរុប៤៧៥២ហិកតា ស្មើ១៦ឃុំ ១៣៦ភូមិ មាន៤៣២១គ្រួសារ ក្នុងនោះដង្កូវហ្វូង ៤៧៨ ហិកតា ដង្កូវមូរស្លឹក ២៥៩០ហិកតា រុយស ១៦៨៤ ហិកតា ផ្ទៃដីសង្រ្គោះបាន៣៥៧០ហិកតា ផ្ទៃដីខូចខាត ៥៨៨ ហិកតា ផ្ទៃដីស្តារឡើងវិញ ៨៨ ហិកតា ផ្ទៃដីមិនទាន់អន្តរាគមន៍ ៥៩៤ហិកតា។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាឃុំអង្គប្រស្រែ និងឃុំត្រពាំងស្តៅ លោក លោកស្រី មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ សរុប ១០៥នាក់ ស្រី៦២នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ និងថវិកា១០.០០០រៀលសរុប១,៦០០,០០០រៀល។ ក្នុងនោះដោយមានការគំាទ្រឧបត្ថម្ភ ពីលោកបណ្ឌិត សម តារា ៤០០០០០រៀល,លោក ជ័យ សុន ៦០០ ០០០ រៀល ,លោក ប៊ុន សុវណ្ណ ១០០០០០ រៀល, លោកសុខ រស់ ១០០០០០រៀល,លោកស្រីឯក សុវណ្ណភារៈ ៤០០០០០រៀល។

ថ្លែងនៅក្នុងឱកាសនោះលោកបណ្ឌិត សម តារា បានពាំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងចូលរួមសោកស្ដាយចំពោះការខូចខាតស្រូវរបស់បងប្អូនប្រជាពលរដ្ឋដោយសារសត្វដង្កូវហ្វូងមូលស្លឹក និងហ្វូងរុយស បំផ្លាញនៅពេលនេះ។

បន្ថែមលើសពីនេះ លោកបណ្ឌិត សម តារា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមឧស្សាហ៍ចុះមកពិនិត្យដំណាំស្រូវរបស់ខ្លួនឲ្យបានញឹកញាប់ប្រសិនបើកសិករជួបប្រទះ និងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ៕