(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិតបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអណ្តូងទឹកស្អាត ដើម្បីវឌ្ឍនភាពសហគមន៍ និងសំណេះសំណាលជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា រួមមាន យុទ្ធមិត្តបម្រើកទ័ពជំនាន់ឆ្នាំ១៩៧៨ អតីតយុទ្ធជន អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងនិវត្តន៍ជន ដែលមានគុណបំណា់ចំពោះជាតិ មាតុភូមិ ចំនួន ៥០០គ្រួសារ ស្ថិតនៅក្នុង ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនេះផងដែរ សម្ដេចម៉ែន សំអន បាននាំ នូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបហណ្ឌិត បានថ្លែងអំណរគុណ ចំពោះសមានចិត្តដ៏ល្អរបស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់ អង្គការអ៉ីនធឺណាសូណល ឡាយអ៉ិនខ្លឹប ដែលបានផ្តល់ជំនួយ មនុស្សធ៌មផ្តោតលើការជីកអណ្តូងទឹកស្អាត ជូន ប្រជាពលរដ្ឋនៅ ស្រុកកំពង់រោទិ៍ និង ស្រុកចន្ទ្រា ក្នុងខេត្តស្វាយរៀង សរុបទាំងអស់ចំនួន ២៥អណ្តូងទឹក ដែលប្រើប្រាស់ថវិកា សាងសង់សរុបប្រមាណ ៣,៧៥០០ ដុល្លារអាម៉េរិក។ ក្នុងនោះបានសាងសង់រួចរាល់ជា ស្ថាពរចំនួន ១៧។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួម ចំណែកលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ បងប្អូន និងប្រជាពលរដ្ឋ ធានាបាននូវសុខភាពល្អ និងជីវភាពកាន់តែប្រសើរទ្បើង។ ជាពិសេស ការប្រើប្រាស់ទឹក ស្អាតបានចូលរួមចំណែកក្នុងការ កាត់បន្ថយនូវការឆ្លងមេរោគ តាមរយ: ការថែទាំសុខភាព ការកាត់បន្ថយ ភាពស៊ាំទៅនឹងឱសថប្រឆាំងមេរោគ និងការកែលម្អសុខភាព និងសុវត្ថិភាព ការងារ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏ បានសំណូមពរ ដើម្បីឲ្យការប្រើប្រាស់អណ្តូងទឹក ទាំងនេះបានយូអង្វែង សូមប្រជាពលរដ្ឋដែល អាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សា អណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។

នៅក្នុងថ្ងៃនេះផងដែរ ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ក៏បានទទួលអំណោយពី អង្គការអ៉ីនធឺណាសូណល ឡាយអ៉ិនខ្លឹប ជាគ្រឿងឧបភោគ បរិភោគ មួយចំនួនដូចជា៖ អង្ករ ៦គីឡូក្រាម អំបិល១គីឡូក្រាម ស្ករ១គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកា មួយចំនួន៕