(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជួបជាមួយលោក Hong Yun-Chul ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃវេទិកាទីក្រុងសុខភាពពិភពលោក World Health City Forum និងជាសាស្ត្រាចារ្យ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យជាតិសេអ៊ូល និងគណៈប្រតិភូ ។ជំនួបនេះបានធ្វើឡើងនាទីស្តីការក្រសួង។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ លោក Hong Yun-Chul ប្រធាន គណកម្មាធិការ World Health City Forum និងប្រតិភូ និងថ្លែងអំណរគុណដល់លោកប្រធាន ដែលបានអញ្ជើញ ក្រសួងសុខាភិបាល ចូលរួមវេទិកា World Health City លើកទី២ នៅសាធារណរដ្ឋកូរ៉េ នៅខែវិច្ឆិកា ខាងមុខនេះ។
លោក Hong Yun-Chul បានថ្លែងអំណរគុណ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកទទួលជួបពិភាក្សាការងារនាពេលនេះ និងបានជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំនេះថា សុំអញ្ជើញលោករដ្ឋមន្ត្រីចូលរួមក្នុងវេទិកា World Health City Forum និងចង់ពិភាក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដែលទាក់ទងនឹងទីក្រុងឆ្លាតវៃ និងមានភាពធន់ទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៃវិស័យសុខាភិបាល ហើយក្រសួងសុខាភិបាល ក៏ស្នើសុំមានកិច្ចសហប្រតិបត្តិការលើការងារសុខភាពឌីជីថល ប្រព័ន្ធព័ត៌មានសុខាភិបាល នវានុវត្តន៍ ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា។
ក្នុងឳកាសនោះលោកប្រធានគណកម្មាធិការ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មាធិការរៀបចំវេទិកាទីក្រុងសុខភាព តាមរយៈការងារសុខភាពឌីជីថល ប្រព័ន្ធព័ត៌មានសុខាភិបាល និងនវានុវត្តន៍។
ជាចុងបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោក Hong Yun-Chul ដែលបានបញ្ជាក់ពីជំហរក្នុងសហប្រតិបត្តិការការភាពជាដៃគូវិស័យសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាពប្រជាជន និងគុណភាពសេវាសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕