(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិសាបាយការងារថ្ងៃត្រង់ជាមួយលោកបណ្ឌិត Dino Patti Djalal ប្រធានសហគមន៍គោលនយោបាយការបរទេសឥណ្ឌូណេស៊ី (FPCI) នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលមួយចំនួន។

នៅរសៀលថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Mario Ignacio Artaza ឯកអគ្គរដ្ឋទូតស៊ីលីប្រចាំឥណ្ឌូណេស៊ី និងអាស៊ាន ។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី និងរកវិធីដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានអត្ថន័យ រួមទាំងការចាប់អារម្មណ៍របស់ស៊ីលី ចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

នៅរសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ដដែលនេះ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោកស្រី Hjayceelyn M. Quintana ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំអាស៊ាន ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហានានាពាក់ព័ន្ធនឹងអាស៊ាន រួមទាំង ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឡាវ នាពេលខាងមុខ ក៏ដូចជា ការត្រៀមជាមុនសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ហ្វីលីពីន នៅឆ្នាំ២០២៦ ជាដើម៕