(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងចិន បានជួបប្រជុំទ្វេភាគីលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយពិភាក្សាលើ ការស៊ើបអង្កេតចាប់ឧក្រិដ្ឋជនគ្រឿងញៀន, វិធានការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀន ការគ្រប់គ្រងសារធាតុគីមីផ្សំ, ការងារពិសោធន៍គ្រឿងញៀន, ការងារផ្សព្វផ្សាយអប់រំ, ការងារព្យាបាលស្តារនីតិសម្បទា និងបណ្តុះបណ្តាលធនធានមនុស្ស។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា NACD និងលោក ឡាន ហ្វៃហុង (Lan Weihong) អគ្គលេខាធិការរងនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន នៃសាធារណរដ្ឋប្រជាមានិតចិន NNCC ព្រមទាំងមានអញ្ជើញចូលរួមពីតំណាងអង្គភាពជំនាញពាក់ព័ន្ធនៃប្រទេសទាំងពីរកម្ពុជា-ចិន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានស្វាគមន៍ដល់ប្រតិភូមិត្តចិននិងបានលើកឡើងពីការងារមួយចំនួន ដែលជាមតិដឹកនាំរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖

*ទី១៖ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ចិន
*ទី២៖ ថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែគាំទ្រដល់ការងារត្រួតពិនិត្យគ្រឿងញៀនកម្ពុជា
*ទី៣៖ ការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ សារធាតុគីមីផ្សំ មន្ទីរពិសោធន៍គ្រឿងញៀន ហើយកិច្ចសហការការងារត្រួតពិនិត្យគ្រឿងញៀន គឺត្រូវធ្វើឡើងដោយត្រង់ទៅត្រង់មក «រលូន រហ័ស និងកាត់បន្ថយរដ្ឋបាល»។

លោក ឡាន ហ្វៃហុង (Lan Weihong) អគ្គលេខាធិការរង ចិន បានលើកឡើង។ថា ទំនាក់ទំនងកម្ពុជា ចិន គឺជាមិត្តភាពដែកថែប ស្ថិតស្ថេរតរៀងរហូតទៅ។ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា ចិន សមត្ថកិច្ចបង្រ្កាបបាននូវករណីគ្រឿងញៀនឆ្លងដែនជាច្រើន ហើយនៅឆ្នាំ២០២៣កន្លងទៅកម្ពុជា ចិន បានសហការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនបានយ៉ាងល្អ។

ជាមួយនេះ គម្រោងសុវត្ថិភាពទន្លេមេគង្គ ដែលមានសមាជិក៦ប្រទេស កម្ពុជា ចិន ឡាវ ថៃ ភូមា និងវៀតណាម បានធ្វើការបង្ការបង្រ្កាបបានបទល្មើសគ្រឿងញៀនធ្វើឲ្យតំបន់តាមទន្លេមេគង្គមានសុវត្ថិភាពល្អ។ លោកក៏បានរំពឹងថា ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសទាំងពីរ កម្ពុជា ចិន នឹងដើរតួនាទីយ៉ាងសំខាន់ធ្វើឲ្យកិច្ចសហការមានប្រសិទ្ធភាព សម្របសម្រួលបានរាល់ករណីគ្រឿងញៀន៕