(បន្ទាយមានជ័យ-បាត់ដំបង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានបន្តដំណើរចុះពិនិត្យស្តុកស្រូវអង្ករ របស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៣ គឺរោងម៉ាស៊ីនកិនស្រូវហ្វាងលី, រោងម៉ាស៉ីនកិនស្រូវស៊ីវឡាយ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងរោងចក្រកិនស្រូវ និងកែច្នៃអង្ករឡាយសែ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលទទួលបានហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ រក្សាសន្តិសុខស្បៀង និងប្រព័ន្ធពូជសុទ្ធ។
បន្ទាប់មកនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោកបណ្ឌិត និងសហការី បានបន្តដំណើរចុះជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សហគមន៍កសិកម្មពន្លឺពេជ្រចិន្តានេះ បានបង្កើតឡើងនៅឆ្នាំ២០០៩ ក្នុងគោលបំណងដំបូងធ្វើការសន្សំប្រាក់ និងផ្តល់កម្ចីដល់សមាជិកក្នុងសហគមន៍។ សហគមន៍មានសមាជិក ៤០០ គ្រួសារ ហើយបច្ចប្បន្នបានផ្លាស់ប្តូរមកដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដោយមានសមាជិកចំនួន ៨១ គ្រួសារ ដោយក្នុង១គ្រួសារមានផ្ទះសំញាញ់ពី ២ ខ្នងទៅ ១០ខ្នង។ ចំពោះសហគមន៍មានផ្ទះសំណាញ់ចំនួន ៣៧ ខ្នង (១ខ្នងទំហំ ១០ម x ២៥ម) ដែលអាចផលិតបន្លែបានចន្លោះពី ១០០០ គីឡូក្រាម ទៅ ១៥០០ គីឡូក្រាមក្នុង១ថ្ងៃ ទៅតាមរដូវ (រដូវត្រជាក់ទទួលបានផលច្រើនជាងរដូវក្រៅ)។
បន្លែដែលសហគមន៍ផលិត រួមមាន បន្លែខាត់ណាដើម ខាត់ណាផ្កា ស្ពៃក្តោប ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ប៉េងបោះឈឺរី និងម្ទេសហាវៃ ហើយសហគមន៍ក៏បានកំណត់ផែនការដាំដុះសម្រាប់សមាជិកផងដែរ ចៀសវាងបន្លែជន់លើទីផ្សារ។ ចំពោះទីផ្សារ សហគមន៍បោះដុំទៅសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ដែលជាអ្នកចែកចាយបន្តទៅបណ្តាខេត្ត និងជាពិសេសរាជធានីភ្នំពេញ។
ការដាំបន្លែសុវត្ថិភាព ជួបបញ្ហាប្រឈមជំងឺផ្សិត និងបាក់តេរីលើស្ពៃក្តោប និងខាត់ណា រីឯសត្វល្អិតពពួកទ្រីបលើម្ទេសហាវៃ ហើយបញ្ហាធំមួយទៀត គឺការប្រែប្រួលអាកាសធាតុឡើងកំដៅ ដែលធ្វើការផលិតបានផលតិច ព្រមទាំងមានការខ្វះទុនសម្រាប់ពង្រីកផ្ទះសំណាញ់។ សហគមន៍ក៏ទទួលបានការឧបត្ថម្ភគាំទ្រដោយគម្រោង CASDP និង ហាវែសផងដែរ។
លោកបណ្ឌិត កៅ ថាច បានផ្តល់អនុសាន៍ដល់សហគមន៍ធ្វើការពង្រឹង និងពង្រីកផ្ទះសំណាញ់បន្ថែម ហើយធានាគារ ARDB នឹងគាំទ្រក្នុងការផ្តល់ឥណទានតាមភាពជាក់ស្តែង ដោយបណ្ឌិតចង់ឃើញកសិករមានជីវភាពកាន់តែធូរធារជាងមុន។
ជាមួយគ្នានេះ, លោកបណ្ឌិត បានឆ្លៀតចូលពិនិត្យមើលសកម្មភាពលក់ដូរបន្លែបោះដុំនៅទីផ្សារបន្លែ យិន ម៉ាន ដែលមានមូលដ្ឋានស្រុកបរវេលខេត្តបាត់ដំបងផងដែរ៕