(ភ្នំពេញ)៖ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចំាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានលោករដ្ឋមន្ត្រី ឌិត ទីណា ជាប្រធាន បានចាត់លោក ឱម គឹមស៊ា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចំាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសហការី នាំយកថវិកាចំនួន ១០២ ៤៥៥ ០០០ រៀល និង ១ ៤៧៥ ដុល្លារអាម៉េរិក ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ថវិកាទាំងនេះ ទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងរាជធានី-ខេត្ត ព្រមទាំងក្រុមហ៊ុនវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ តាមរយៈគណៈកម្មការទ្រទ្រង់ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ តបតាមការអំពាវនាវរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស។
សូមជម្រាបជូនថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ជាយន្តការកៀរគរការបរិច្ចាគតាមការស្ម័គ្រចិត្ត ក្នុងស្មារតី “ខ្មែរជួយខ្មែរ” នៅតាមបណ្ដាក្រសួង-ស្ថាប័ន, រដ្ឋបាលរាជ-ធានីខេត្ត, និងក្រុមហ៊ុន-សហគ្រាស ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ នៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនថ្នាក់ដឹកនាំ, មន្ត្រីរាជការ, និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រសួង និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងរាជធានី-ខេត្ត ព្រមទាំងក្រុមហ៊ុនវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ ចំពោះការចូលរួមបរិច្ចាគដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា៕