(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន និងគណៈប្រតិភូមកពីប្រទសជប៉ុន តំណាងរាស្រ្តជប៉ុន តំណាងក្រសួងការបរទេសជប៉ុន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជប៉ុនមកកម្ពុជា បង្ហាញពីសក្ខីភាពនៃទំនាក់ទំនងយូរអង្វែង ជាប្រវត្តិសាស្រ្ត និងស៊ីជម្រៅរវាងប្រទេស និងប្រជាជនទាំងពីរ ចាប់តាំងពីឆ្នាំ១៦០៣ ក្នុងខណៈដែលកាប៉ាល់ពាណិជ្ជកម្មកម្ពុជាបានចូលចតនៅកំពង់ផែ Nagasaki និងការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-ជប៉ុន ចាប់តាំងពីឆ្នាំ១៩៥៣។
តាងនាម រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការស្តារប្រទេសជាតិឡើងវិញ ក្នុងនោះរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌រយៈពេលជាង៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផងដែរ។ ការចូលរួមរបស់ជប៉ុន ពិតជាបានឆ្លើយតបនឹងគោលនយោបាយកាត់បន្ថយភាពក្រី ការកាត់បន្ថយគ្រោះថ្នាក់ ជួយសង្រ្គោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។
តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈដើម្បីសហការគាំទ្រចំពោះយុទ្ធសាស្រ្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ «គំនិតផ្តួចផ្តើមថ្មីលើសកម្មភាពមីន ជប៉ុន-កម្ពុជា» ហើយកម្ពុជាត្រៀមសហការ និងផ្តល់ភាពជាដៃគូ ដើម្បីភាពជោគជ័យរបស់ជប៉ុន ក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២២ ឆ្នាំ២០២៥ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
លោក YAMAGUCHI Natsuo បានលើកឡើងថា លោកបានទស្សនកិច្ចនៅកម្ពុជាចំនួនពីរដងក្នុងឆ្នាំ១៩៩១ និងឆ្នាំ១៩៩២ ក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកនៅកម្ពុជា លោកមើលឃើញយ៉ាងច្បាស់អំពីស្ថានភាពលំបាករបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារមរតកនៃសង្រ្គាម ថែមទាំងរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ មូលហេតុនេះ បានធ្វើឲ្យរាជរដ្ឋាភិបាលជប៉ុន សម្រេចចិត្តក្នុងការប្រើប្រាស់ធនធានរបស់ខ្លួន រួមចំណែកដល់ការលប់បំបាត់គ្រាប់មីននៅទូទាំងពិភពលោក។
លោក YAMAGUCHI Natsuo បានបន្តទៀត ប្រទេសជប៉ុន បានដាក់ចេញនូវគោលការណ៍ចំនួន ០៣ ក្នុងការរួមចំណែកដល់វិស័យសកម្មភាពមីន រួមមាន ៖ ទី១/. ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ទី២/. ការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមីន និងទី៣/. កិច្ចសង្រ្គោះជនរងគ្រោះ រួមទាំងការស្តារសម្បទាឡើងវិញ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក YAMAGUCHI Natsuo បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជា ហើយបញ្ជាក់ថា កម្ពុជាមានជំនាញគ្រប់គ្រាន់ក្នុងការងារបោសសម្អាតមីន និងចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភពលោក ដែលកំពុងជួបហានិភ័យដោយសារមីន។ លោកបានស្នើឲ្យជប៉ុន-កម្ពុជា បន្តរួមគ្នាដោះស្រាយបញ្ហាមីននៅលើពិភពលោក៕