(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤នេះថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាមានរោងចក្រ សហគ្រាសមានចំនួនសរុប ៤៤ ៤១៧ និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧៩លាននាក់ ខណៈសហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង ៣ពាន់សហគ្រាស។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា កម្មករនិយោជិតកំពុងបម្រើការងារនៅក្នុង វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១ ៥៣៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៩១៣ ០១៧នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩៧ពាន់លានដុល្លារអាម៉េរិក។
លោក កត្តា អ៊ន បន្តថា វិស័យក្រៅពីកាត់ដេរមានចំនួន ៤២ ៨៧៩សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៨៧៩ ៧៧៤នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក។ សហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួន ៣ ១៣០សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៧៧ ៤៣៦នាក់ (ស្រី ៤៣ ១៧២នាក់) ក្នុងនោះ វិស័យកាត់ដេរមានចំនួន ៨២សហគ្រាស មានកម្មករនិយោជិតចំនួន ៣៧ ៨២៧នាក់ (ស្រី ២៦ ៥០៧នាក់)។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននឹងកំពុងបន្តគោលនយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកែប្រែកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងប្រែក្លាយប្រទេសកម្ពុជាពីប្រទេសប្រើកម្លាំងអតិពលកម្ម មកពលកម្មជំនាញវិញ តាមរយៈការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅអាណត្តិទី៧នេះផងដែរ៕