(សៀមរាប)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានបន្តដំណើរចុះបំពេញការងារ ដើម្បីពិនិត្យវឌ្ឍវនភាព និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ មានទីតាំងនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលសិប្បកម្មនេះជាដៃគូរបស់ធនាគារ ARDB។
សិប្បកម្មនេះ ត្រូវបានបង្កើតឡើង ដោយសហគមន៍កសិកម្មសម្ព័ន្ធខ្មែរអង្គរ នៅឆ្នាំ២០១៩ ក្នុងគោលបំណងផលិតជីសរីរាង្គ ដែលមានគុណភាពផ្គត់ផ្គង់ជូនសមាជិកសហគមន៍ និងប្រជាកសិករ។
លោកប្រធានសហគមន៍បានឱ្យដឹងថា ការចាប់ផ្តើមផលិតជីសរីរាង្គផ្ទះពេជ្រ គឺចំពេលដែលពិភពលោកជួបបញ្ហាប្រឈមខ្លាំង ដោយជំងឺកូវីដ១៩ និងបន្ទាប់មកទៀតបញ្ហាសង្រ្គាមរុស្សី និងអ៊ុយក្រែន ប៉ុន្តែក៏ផ្ដល់ឱកាសដល់សហគមន៍ក្នុងការចាប់យកទីផ្សារ ដែលបច្ចុប្បន្នសិប្បកម្មមានសមត្ថភាពផលិតជីសរីរាង្គមានគុណភាពបានពី ៥ ទៅ ៦ តោនក្នុង១ថ្ងៃ និងផ្គត់ផ្គង់ទីផ្សារតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម និងពោធិ៍សាត់។
សហគមន៍មានគម្រោងពង្រីកសមត្ថភាពបន្ថែម ដោយបំពាក់ឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយកម្លាំងពលកម្ម និងបង្កើនផលិតភាព។
បណ្ឌិត កៅ ថាច និងក្រុមការងារ បានបន្តចុះសិក្សាស្វែងយល់ខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុនពិជ័យ ១៧ ឯ.ក ស្ថិតនៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដើម្បីផលិតជីកំប៉ុស្តិ៍ និងបណ្ដុះផ្សិតសរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារ នៅក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ ក្រុមហ៊ុនមានសមត្ថភាពផលិតផ្សិតបានប្រមាណ ១០ តោនក្នុង១ខែ ឬប្រមាណ ពី ២០០ ទៅ ៥០០ គីឡូក្រាមក្នុង១ថ្ងៃ៕