(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនចំណុចគិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលជាការផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត សិស្សនិស្សិត និងប្រជាពលរដ្ឋក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងសកម្មភាពសង្គមសំខាន់ៗមួយចំនួនទៀត។
ជាក់ស្តែងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ លោក ហេង សួរ បានអញ្ជើញផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិសំខាន់ចំនួន២របស់រាជរដ្ឋាភិបាល នៅខេត្តកំពង់ឆ្នាំង ស្តីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ជាការចុះផ្សព្វផ្សាយពន្យល់ពីការគិតគូរបន្ថែមរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីទ្រទ្រង់សុខមាលភាពប្រជាពលរដ្ឋ និងក្រុមគ្រួសារមន្ត្រីសាធារណៈដោយកាត់បន្ថយជាគំហុកពីគ្រួសារក្នុងការថែទាំ និងព្យាបាលសុខភាពតាមរយៈរបបភាគទានស័្មគ្រចិត្តត្រឹម ១៥ ៦០០រៀល។
បន្ថែមពីនេះលោករដ្ឋមន្ត្រី បានបង្ហាញពីការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញសម្រាប់ឱ្យយុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យបានចូលសិក្សាជំនាញបច្ចេកទេស ពីរាជរដ្ឋាភិបាលជាមួយប្រាក់ឧបត្ថម្ភ ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងប្រាក់បៀវត្សសមរម្យដើម្បីលើកកម្ពស់ជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ក្រៅពីកិច្ចការផ្សព្វផ្សាយ លោករដ្ឋមន្ត្រី ហេង សួរ ក៏បានចុះអនុស្សរណៈជាមួយសមាគមន៍ធុរកិច្ចកម្ពុជាជប៉ុន (JBAC) កាលពីថ្ងៃទី៩ កន្លងទៅដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលសិក្សាជំនាញបច្ចេកទេសទៅចុះកម្មសិក្សា និងហាត់ការជាមួយក្រុមហ៊ុនជប៉ុនដែលកំពុងមានវត្តមាននៅកម្ពុជា។ តាមរយៈអនុស្សរណៈនេះយុវជនកម្ពុជានឹងបានសិក្សារៀនសូត្រចំណេះជំនាញស្តង់ដាជប៉ុន។
ដោយឡែកកាលពីថ្ងៃទី១១ ខែកក្កដា លោករដ្ឋមន្ត្រី ក៏បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគន្លងអប់រំ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំលើកទី១ នៃក្រុមការងារចំពោះកិច្ចការនេះមានទិសដៅដើម្បីពិនិត្យវាយតម្លៃលើគន្លងអប់រំសម្រាប់កម្ពុជាក្នុងបង្កើនសមត្ថភាព និងផលិតភាពឱ្យស្របទៅតាមចរន្តទីផ្សារការងារ និងភាពប៉ិនប្រសព្វរបស់យុវសិស្សកម្ពុជាដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះដើម្បីលើកស្ទូយវិស័យបណ្តុះបណ្តាលនិងបច្ចេកទេសឌីជីថល លោក ហេង សួរ នៅថ្ងៃទី១៤ ខែកក្កដា កន្លងទៅ ក៏បានអញ្ជើញជាសហប្រធានក្នុងពិធីថ្លែងបើក ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ដើម្បីចម្រាញ់យកជើងឯកទៅប្រកួតកម្រិតអន្តរជាតិ នៅប្រទេសវៀតណាម។ ក្នុងនោះលោករដ្ឋមន្ត្រី បានជំរុញនិងលើកទឹកចិត្តដល់យុវជន និងសិស្សនិស្សិតកម្ពុជា ចូលរួមការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពពហុជំនាញរបស់ខ្លួនព្រោះថា ការកសាងរ៉ូបូតមួយតម្រូវឱ្យទាមទារការធ្វើការជាក្រុមដែលមានជំនាញផ្សេងៗគ្នាដើម្បីទទួលបានផលិតផលដ៏ល្អសម្រាប់ការប្រកួតដោយជោគជ័យ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជួបពិភាក្សា និងផ្តល់អនុសាសន៍ដល់ទៅដល់យុវសិស្ស FIRST GLOBAL Team Cambodia មកពីវិទ្យាល័យនៅរាជធានីភ្នំពេញ ដែលគ្រោងនឹងចេញទៅប្រកួតនៅប្រទេសក្រិក នាពេលខាងមុខ។ ក្នុងជំនួបនោះលោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់យុវសិស្សកម្ពុជាឱ្យចូលរួមការប្រកួតប្រជែងកម្រិតអន្តរជាតិ ឱ្យបានច្រើនដើម្បីពង្រឹងសមត្ថភាពដែលនឹងជាការបង្ហាញពីកិត្យានុភាពរបស់ជាតិផងដែរ។
ក្រៅពីនេះលោករដ្ឋមន្ត្រី ហេង សួរ ក៏បានអញ្ជើញចូលរួម ពិធី រុក្ខទិវា ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះមហាក្សត្រ នៅខេត្តតាកែវ និងការអមសម្តេចនាយករដ្ឋមន្ត្រី បើកវេទិកាធុរកិច្ចបារាំង-កម្ពុជា រួមទាំងជំនួបជាមួយក្រុមហ៊ុនយក្សតូយូតា របស់ជប៉ុន ដើម្បីបង្ហាញពីឱកាសនិងជំរុញការទាក់ទាញវិនិយោគិនបន្ថែមមកកម្ពុជា ដែលជាប្រទេសមានភាពទាក់ទាញទាំងកម្លាំងពលកម្ម និងការអនុគ្រោះពីរាជរដ្ឋាភិបាលផងដែរ។
យ៉ាងណាក៏ដោយកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលសម្តេចមហាបវរធិបតី ដឹកនាំប្រជុំនៅវិមានសន្តិភាព កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅក៏ជាការងារចាំបាច់មួយផងដែរ ដែលលោករដ្ឋមន្ត្រី ហេង សួរ បានចូលរួមប្រជុំផងដែរ៕