(ភ្នំពេញ)៖ ត្រឹមតែរយៈពេលប្រមាណ២០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធី CoolApp មានអ្នកទាញយកទៅប្រើប្រាស់រហូតដល់ជិត២៣ម៉ឺននាក់ហើយ ខណៈសន្ទុះនៃការគាំទ្រ និងការដំឡើងកាន់តែខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
CoolApp ដែលជាបណ្តាញទំនាក់ទំនងសង្គម Chat កម្រិតស្តង់ដារអន្តរជាតិលើកដំបូងរបស់កម្ពុជា មានគុណភាពមិនចាញ់ Telegram និង WhatsApp ឡើយ។ កម្មវិធីនេះ ធ្វើឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសងាយស្រួលបំផុតក្នុងការផ្ញើសារ និងទំនាក់ទំនង Call ផ្សេងៗយ៉ាងលឿនរហ័ស ជាមួយការប្រើប្រាស់បច្ចេកវិទ្យាថ្មី End-to-end Encryption ដែលជាប្រព័ន្ធសុវត្ថិភាព ធានាឯកជនភាពរបស់អ្នកប្រើប្រាស់គ្រប់គ្នា 100% ព្រោះគ្មានជនណាម្នាក់អាចមើល ឬអានសាររបស់យើងឡើយ។
ទន្ទឹមនឹងការគាំទ្រកំពុងផ្ទុះឡើងនៅពេញប្រទេស យុវជនជាច្រើនដែលបានប្រើប្រាស់បណ្តាញសង្គមនេះ បានសម្តែងការសាទរ និងស្វាគមន៍ចំពោះវត្តមានកម្មវិធីនេះ និងបានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមប្រើប្រាស់ដើម្បីលើកទឹកចិត្តដល់ក្រុមអ្នកជំនាញ ផ្នែកបច្ចេកវិទ្យាជាជនជាតិខ្មែរ ដែលបានចំណាយពេលជាង៣ឆ្នាំ ដើម្បីខិតខំសិក្សាស្រាវជ្រាវធ្វើឱ្យសមិទ្ធផលនេះកើតចេញជារូបរាង។
យុវជន និងយុវតី៣រូប មកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក៏បានលើកឡើងពីចំណុចពិសេសៗរបស់កម្មវិធី CoolApp ដែលបានជួយសម្រួលដល់ការសិក្សារបស់ពួកគេផងដែរ។
ចំណែក យុវតី អ៊ុង សុគន្ធវត្តី មកពីសាលា CamEd បាននិយាយថា កម្មវិធីនេះគឺអាចរក្សាឯកជនភាពរបស់អ្នកប្រើប្រាស់បានល្អ ហើយការផ្ញើឯកសារ ឬរូបភាពមានលក្ខណៈច្បាស់ល្អ លឿនរហ័សដោយប្រើប្រាស់រយៈពេលខ្លីប៉ុណ្ណោះ។
យុវតី ម៉ោ ម៉ារី មកពីសាកលវិទ្យាល័យភុមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានបង្ហាញចំណាប់អារម្មណ៍ថា កម្មវិធី CoolApp ជាកម្មវិធីដែលល្អ សម្រាប់ធ្វើការទំនាក់ទំនងជាប្រចាំថ្ងៃ ដែលមានលក្ខណៈស្រដៀងនឹងកម្មវិធីផ្ញើសារដទៃទៀតដែរ ប៉ុន្តែអ្វីដែលពិសេសនោះគឺជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរ។
រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំសំខាន់ៗជាច្រើន បានបង្ហាញការគាំទ្រ និងប្រើប្រាស់ CoolApp។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងមន្ត្រីជាន់ខ្ពស់ជាច្រើន បានប្រកាសភ្លាមៗសម្តែងការគាំទ្រនូវសមិទ្ធផលខាងបច្ចេកវិទ្យាថ្មីរបស់កម្ពុជានេះ ព្រមទាំងអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់។ នៅតាមបណ្តាក្រសួងស្ថាប័ន និងអង្គភាពរដ្ឋជាច្រើន ក៏បាននិងកំពុងចាប់ផ្តើមប្រើប្រាស់កម្មវិធីនេះជាបណ្តើរៗហើយ ដើម្បីទំនាក់ទំនងគ្នាក្នុងការងារប្រចាំថ្ងៃ ដែលក្នុងនោះមានក្រសួងស្ថាប័នសំខាន់ៗដូចជា រដ្ឋសភា អគ្គស្នងការដ្ឋាននគរបាលជាតិ គណបក្សប្រជាជនកម្ពុជា និងបណ្តាក្រសួងមួយចំនួនផងដែរ។ ចំណែកវិស័យឯកជន និងអង្គការសង្គមស៊ីវិលជាច្រើន ក៏បានប្រកាសអំពីការគាំទ្រ និងប្រើប្រាស់កម្មវិធីរបស់ខ្មែរនេះផងដែរ។
បើតាម លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានឲ្យដឹងថា បន្ទាប់ពីដាក់ឱ្យដំណើរការរយៈពេលត្រឹមតែ៣សប្តាហ៍ កម្មវិធី CoolApp ត្រូវបានសាធារណជនទាញយកទៅប្រើប្រាស់ជិត២៣ម៉ឺននាក់ហើយ ដែលចំនួននេះនឹងបន្តកើនឡើងជាលំដាប់បន្ថែមទៀត។
លោកបានបញ្ជាក់បន្ថែមថា កម្មវិធី CoolApp នឹងបន្តធ្វើបច្ចុប្បន្នភាពមួយជំហានម្ដងៗ ដោយធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ងាយស្រួល និងដើម្បីផ្គាប់ចិត្តបងប្អូនជាអ្នកប្រើប្រាស់ទាំងអស់ថែមផងដែរ៕