(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់តាំងក្រុមជំនួយការនាំយកសារលិខិតរំលែកមរណទុក្ខ និងបច្ច័យ មួយចំនួនជូនដល់ក្រុមគ្រួសារសពរបស់លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ដែលបានទទួលមរណភាព។

នៅក្នុងសាររំលែកទុក្ខផ្ញើជូនលោកស្រី​ វ៉ន ឌីមឿន, សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងថា ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ដែលជាស្វាមីរបស់ លោកជំទាវ លោកបានទទួលមរណភាព ថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ ឯកឧត្តម សំ សារីន គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ រួមទាំងញាតិមិត្តជិត ឆ្ងាយទាំងអស់ ពិសេស គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការ បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ហើយក៏តែងតែទទួលបាននូវ ការគាំទ្រ និងគោរពស្រលាញ់ពីសំណាក់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែប ជារៀងរហូតមកថែមទៀតផង។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សំ សារីន សូមឱ្យឆាប់បានយោនយក កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕