(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា។
លោកជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
ជាមួយគ្នានេះ លោក YAMAGUCHI Natsuo ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងសារៈសំខាន់ នៃទំនាក់ទំនងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្បញ្ញត្តិ រវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។
បន្ថែមលើនេះ លោក YAMAGUCHI Natsuo ក៏បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុន បន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយលោកសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផល សម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ លោក YAMAGUCHI Natsuo ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា លោកនឹងជំរុញកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ សន្តិសុខសាយប័រ និងជាពិសេសលើវិស័យបោសសម្អាតមីន ដោយកន្លងមកជប៉ុនមានកិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ហើយ CMAC គឺជាកងកម្លាំងដែលមានជំនាញ និងបទពិសោធន៍ល្អបំផុតក្នុងការបោសសម្អាតមីន។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះលោក YAMAGUCHI Natsuo និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព រហូតមកដល់ពេលបច្ចុប្បន្ន។
ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុត ក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់ចេញនូវអភិក្រមថ្មី របស់ជប៉ុនសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដែលផ្តោតលើ (១) ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម (២) ការតភ្ជាប់សមុទ្រ និង (៣) ការបោសសម្អាតមីន។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងផែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការយកចិត្តទុកដាក់លើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនេះគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគិតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣ ០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១ ៧០០ គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះថ្នាក់ ដែលបង្កឡើងដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ សម្តេចធិបតី បានលើកទឹកចិត្តដល់ភាគីជប៉ុន ក្នុងការបន្តនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនបន្ថែមទៀត។
ពាក់ព័ន្ធនឹងការវិនិយោគរបស់ជប៉ុននៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ច អំណោយផលនិងធានាបាននូវភាពប្រកួតប្រជែង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។
ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើម ក្នុងការធានាឱ្យបាននូវភាពជោគជ័យរបស់វិនិយោគិន ក៏ដូចជាវិនិយោគិនជប៉ុននៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយន្តការពិគ្រោះយោបល់ទៀងទាត់ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ដាវិនិយោគិនជប៉ុនចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈម និងរកដំណោះស្រាយផងដែរ។
សម្ដេចធិបតី បានជូនពរលោក YAMAGUCHI Natsuo និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕