(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា (CATA) នៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលទីផ្សារឥណ្ឌា» នៅខេត្តសៀមរាប ដើម្បីជំរុញភ្ញៀវទេសចរឥណ្ឌា មកទស្សនាកាន់តែច្រើន។ ពិធីនេះ ក្រោមវត្តមានលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម ទេសចរណ៍កម្ពុជា (CATA), លោក អេង គន្ធា ប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប និងលោក Sethia Ravi Kant–President of Expert DMC of India ព្រមទាំងប្រតិបត្តិករទេសចរណ៍ និងមគ្គទេសក៍ទេសចរណ៍ចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក អេង គន្ធា បានលើកឡើងថា នេះមិនម៉ែនជាលើកទី១ ដែលសមាគមទេសចរណ៍កម្ពុជា តែងតែធ្វើសកម្មភាពក្នុងការផ្សព្វផ្សាយពីទេសចរ និងបញ្ជ្រាបចំណេះដឹងដែលពាក់ព័ន្ធនូវគុណភាព នៃវិស័យទេសចរណទៅ តាមទីផ្សារនានា ជាពិសេស ទីផ្សារឥណ្ឌានេះ។ សមាគមទេសចរណ៍កម្ពុជា បានខិតខំចូលរួមដើម្បីផ្សព្វផ្សាយ និងទាក់ទាញទីផ្សារឥណ្ឌា។ ហើយសមាគមក៏បានធ្វើបទបង្ហាញជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជន កាលពីកន្លងទៅ ពីការផ្សព្វផ្សាយដើម្បីហោះហើរត្រង់មកកាន់កម្ពុជាផងដែរ។
លោកបន្តថា ហើយនៅពេលជើងហោះហើរដំបូង វិស័យឯនចំនួន៤ បានទទួលចូលរួមរៀបចំ ហើយក្នុងនោះដែរ មានទីភ្នាក់ងារទេសចរណ៍ឥណ្ឌាជិត៨០ បានធ្វើទស្សនកិច្ចសិក្សានៅក្នុងគោលដៅតំបន់ទេសចរណ៍របស់កម្ពុជា ជាពិសេស ខេត្តសៀមរាប ដើម្បីឲ្យពួកគាត់ជួយផ្សព្វផ្សាយ និងដាក់លក់កញ្ចក់ទស្សនកិច្ច ប្រកបដោយភាពជឿជាក់ និងទុកចិត្តបំផុត។
លោក ង៉ូវ សេងកាក់ បានលើកឡើងថា កាលពីដើមឆ្នាំ២០២៤នេះ យើងក៏បានបើកវគ្គមួយទៅលើការបណ្តុះបណ្តាល និងការការត្រៀមទទួលទេសចរឥណ្ឌាដែរ។ ការងារនេះមិនម៉ែនថ្មីនោះទេ តាមពិតជនជាតិឥណ្ឌាបានមកទស្សនាខេត្តសៀមរាប រួចមកហើយ ជាក់ស្តែង នៅឆមាសទី១ ឆ្នាំ២០២៤នេះ មានទេសចរឥណ្ឌាចំនួន២ម៉ឺននាក់មកទស្សនារមណីយដ្ឋានអង្គរ។ លោកបន្តថា រដ្ឋបាលខេត្តក៏បានមានគំរោងរៀបចំអាហារតាមដងផ្លូវ ហៅថា (Street food) ឡើងវិញ ដោយរៀបចំនៅតាមដងស្ទឹងសៀមរាប និងការរៀបចំតំបន់វត្តបូព៌ជាតំបន់ទេសចរណ៍ផងដែរ។
លោក ង៉ូវ សេងកាក់ ក៏បានថ្លែងអំណរគុណដល់សមាគមទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ ដែលបានរៀបចំសិក្ខាសាលានេះឡើង។ លោកសង្ឃឹមថា តាមរយៈសិក្ខាសាលានេះនឹងទទួលបានធាតុចូល ដើម្បីឲ្យទាំងអស់គ្នារួមគ្នា ក្នុងការដោះស្រាយនូវកិច្ចការមួយចំនួន ដែលត្រៀមខ្លួនទទួលទេសចរឥណ្ឌានាពេលខាងមុខនេះ។
លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវពង្រឹងការយល់ដឹងពីការត្រៀមទទួលភ្ញៀវឥណ្ឌា ជាពិសេស គឺម្ហូបអាហារ និងអាកប្បកិរិយា។ ក្រៅពីទេសចរណ៍ធម្មតា ឥណ្ឌាក៏ជាទេសចរសាសនាដ៏ទាក់ទាញផងដែរ ដូចជានៅភ្នំគូលែន។ ភ្ញៀវទេសចរឥណ្ឌាដែលដើរកម្សាន្តជាលក្ខណៈហាយអិន តម្រូវការពួកគាត់ដូចទេសចរអឺរ៉ុបដែរ ទាក់ទងនឹងទិញវត្ថុអនុស្សាវរីយ៍ ត្រូវច្បាស់លាស់ កុំបន្លំ។ បើភ្ញៀវទេសចរចិន ធ្លាប់ឆិនឆៃច្រើន តែឥណ្ឌាមិនដូចគ្នាទេ គោលដៅទៅណាទៅឱ្យច្បាស់។
លោកស្រី ឆាយ ស៊ីវលីន បានបន្តថា កុំឱ្យខ្វះចន្លោះ ត្រូវបម្រើសេវាកម្មឱ្យល្អពីដើមខ្សែដល់ចុង ដើម្បីឱ្យភ្ញៀវទេសចរមានអនុស្សាវរីយល្អពីកម្ពុជា។ ព្រោះនេះជាសម័យឌីជីថល ពេលគាត់អន់ចិត្តមិនសុខចិត្ត គាត់នឹងបង្ហោះដែលធ្វើឱ្យប៉ះពាល់ទាំងមូលផងដែរ។
លោកស្រីបញ្ជាក់ថា សូមមានការចូលរួមទាំងអស់គ្នា ដើម្បីបម្រើភ្ញៀវទេសចរទទួលបានការបដិសណ្ឋារកិច្ចល្អ ហើយសៀមរាបធ្លាប់ទទួលបានការសរសើររាប់ឆ្នាំមកហើយ។ សូមបន្តរក្សាកេរ្តិ៍ឈ្មោដ៏ល្អនេះបន្តទៀតទាំងអស់គ្នា ទាំងអ្នកលក់តូចៗផងដែរ៕