(ប៉ៃលិន)៖ លើកឡើងក្នុងឱកាសអញ្ជើញពិនិត្យមើល ក្រុមការងាររបស់រដ្ឋបាលខេត្ត បន្តដាំដើមផ្កាក្ងោកបន្ថែមទៀត នារសៀលថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា នៅថ្ងៃអនាគត់ដើមផ្កាក្ងោក រាប់ពាន់ ដើម នឹងត្រូវបានដាំដុះ និងបង្ហាញសម្រស់គួរឱ្យទាក់ទាញ នៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឱ្យមានការ ចូលរួមពី សំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជា គម្របបរិស្ថានបៃតងក្នុងខេត្ត។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំង ការ កែ រ លម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែក បរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកស្រីអភិបាលខេត្ត បានឱ្យដឹងថា ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការ ងាររបស់រដ្ឋបាលខេត្ត កំពុងដាំដើមផ្កាក្ងោក ចំនួន ជាង១ពាន់ដើមបន្ថែម នៅអបតាមដងផ្លូវនានាក្នុងខេត្ត ចំណែកដើមផ្កាក្ងោក ដែលរដ្ឋបាលខេត្តបានដាំរយៈពេលជាង ៣ឆ្នាំ មកហើយ គឺបច្ចុប្បន្នកំពុងតែបញ្ចេញសម្រស់ និងសោភ័ណ្ឌភាពជាបណ្តើរៗ និងសង្ឃឹមថានៅឆ្នាំក្រោយៗ ដើមផ្កាក្ងោក នេះ កាន់តែបញ្ចេញសម្រស់ ស្រស់ស្អាតពាសពេញខេត្ត ហើយក្នុងនោះរដ្ឋបាលខេត្ត ក៍មានផែនការ នឹងបន្តដាំដើមផ្កាក្ងោកឱ្យបានច្រើនបន្ថែមទៀតផងដែរ នៅតាមទីសាធារណៈ និងអមសងខាងដងផ្លូវនានាក្នុងខេត្ត ។
នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុមការងារ មន្រ្តីជំនាញ និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែរក្សាបរិស្ថានល្អ ជាពិសេស ផ្នែកអនាម័យ សំរាម បានយ៉ាងល្អស្អាត សាកសមជាទីក្រុងស្អាតគំរូ ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៍ល្អប្រពៃ ផូផង់នេះ ជារៀងរហូត ដើម្បីទីក្រុងស្អាត បរិស្ថានល្អសុខភាពមាំមួន៕