(ភ្នំពេញ)៖ កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់លើកឡើងថា ក្រោយមានបណ្ណបេឡាជាតិសន្តិសុខសង្គម ប.ស.ស. សម្រាប់ខ្លួនឯង និងសមាជិកនៅក្នុងបន្ទុក ពួកគាត់លែងព្រួយបារម្ភរឿងជំពាក់លុយគេដោយសារមានជំងឺទៀតហើយ។ នេះបើតាមសម្តីលោកសំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា។

លោកថា បណ្ណបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្មករនិយោជិតនៅពេលមានជំងឺ ឬពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ព្រោះវាបានជួយកាត់បន្ថយការចំណាយក្នុងជីវភាពរស់នៅ និងជួយលើកស្ទួយសេដ្ឋកិច្ចរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង តាមរយៈការអនុវត្តរបបថែទាំសុខភាព ការព្យាបាលជំងឺដោយមិនអស់ប្រាក់ ការទទួលខុសត្រូវលើគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ដល់បាត់បង់ជីវិតជាដើម។

លោកបន្ថែមថា ជាពិសេសនៅពេលមានបណ្ណ ប.ស.ស. សម្រាប់ខ្លួនឯង និងអ្នកនៅក្នុងបន្ទុក កម្មករនិយោជិតលែងព្រួយបារម្ភរឿងជំពាក់បំណុលគេដោយសារជំងឺទៀតហើយ ព្រោះបន្ទុកចំណាយ ដែលពួកគាត់ធ្លាប់តែមានការបារម្ភនៅពេលខ្លួនឈឺ ឬអ្នកនៅក្នុងបន្ទុកឈឺហើយគ្មានលុយបម្រុងទុកនោះ លែងជាបញ្ហាចោទ។

លោកថ្លែងថា៖ «កន្លងមកគាត់មានការបារម្ភខ្លាំងណាស់ ក្នុងការនាំសមាជិកគ្រួសារគាត់ទៅព្យាបាលជំងឺ ដោយហេតុថាព្យាបាលជំងឺម្តងៗ មិនអស់លុយតិចទេ ដូចច្នេះគាត់ត្រូវតែស្វះស្វែង ពុះពារដើម្បីប្រមែប្រមូលថវិកា ដែលគាត់បានសន្សំទុកផង ឬក៏បងប្អូនខ្លះគាត់ត្រូវលក់របស់ទ្រព្យ ឬខ្ចីអ្នកនេះអ្នកនោះ ដោះស្រាយថ្លៃព្យាបាល ប៉ុន្តែ ពេលក្លាយជាសមជិកបសស គាត់ទទួលបានការព្យាបាលជំងឹដោយមិនបាច់បង់ថ្លៃ រហូតជាសះស្បើយ។»

បើតាមលោកសំ សឿន ដើម្បីឱ្យអ្នកនៅក្នុងបន្ទុកទទួលបានអត្ថប្រយោជន៍ បងប្អូនកម្មករនិយោជិត អាចនាំសមាជិកគ្រួសារនៅក្នុងបន្ទុក ជាប្រពន្ធ ឬប្តី និងកូនៗ ទៅចុះឈ្មោះធ្វើបណ្ណ បសស ឱ្យបានគ្រប់ៗគ្នា៕